រុស្សី៖ រដ្ឋាភិបាលរុស្សីបានបញ្ជាក់នៅថ្ងៃអង្គារម្សិលមិញនេះថា រដ្ឋាភិបាលនិងបញ្ឈប់ការលក់ប្រេងរបស់ខ្លួនទៅបណ្តាប្រទេសទាំងឡាយណាដែលគោរព និងឯកភាពទៅលើការកំណត់តម្លៃប្រេងរបស់រុស្សីពីបណ្តាប្រទេសលោកខាងលិច។ នេះគឺជាការឆ្លើយតបមួយរបស់រុស្សី ចំពោះសាច់រឿងនៃការលេងល្បែងសេដ្ឋកិច្ចរបស់បណ្តាប្រទេសលោកខាងលិច ដែលរុស្សីអះអាងថានេះគឺជាការព្យាយាមផ្តាច់កញ្ចប់ថវិការរបស់ខ្លួនសម្រាប់ទ្រទ្រង់ប្រតិបត្តិការយោធានៅអ៊ុយក្រែន។
ក្រោមលក្ខខណ្ឌនៃការកំណត់តម្លៃប្រេងដែលបានអនុម័តកាលពីថ្ងៃទី០៥ ខែធ្នូកន្លងទៅ បានកំណត់ឱ្យបណ្តាពាណិជ្ជករទាំងអស់មិនត្រូវទិញប្រេងឆៅរបស់រុស្សីក្នុងតម្លៃលើសពី ៦០ដុល្លារអាមេរិកក្នុងមួយបារ៉ែលនោះឡើយ។ តាមពិតទៅ តម្លៃ ៦០ដុល្លារក្នុងមួយបារ៉ែលនេះ មិនក្រោមឆ្ងាយពេកពីតម្លៃដែលរុស្សីអាចលក់ប្រេងចេញនាពេលបច្ចុប្បន្ននោះឡើយ ប៉ុន្តែវាមានតម្លៃទាបខ្លាំងបើប្រៀបនឹងការលក់ចេញរបស់រុស្សីកាលពីឆ្នាំមុន ដែលប្រាក់ចំណេញនេះអាចឱ្យរុស្សីទប់ទល់នឹងបញ្ហាហិរញ្ញវត្ថុដែលស្ថិតក្រោមទណ្ឌកម្មបាន។
រុស្សី គឺជាប្រទេសនាំប្រេងចេញធំជាងគេបំផុតលំដាប់ទី២ បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត ហើយការរំខានជាក់ស្តែងណាមួយចំពោះការលក់របស់ខ្លួន នឹងមានផលវិបាកយ៉ាងធំធេងសម្រាប់ការផ្គត់ផ្គង់ថាមពលពិភពលោក។
តាមក្រឹត្យមួយរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលចេញផ្សាយដោយរដ្ឋាភិបាល និងគេហទំព័រវិមានក្រឹមឡាំងបានបញ្ជាក់ថា សកម្មភាពឆ្លើយតបរបស់រុស្សីនេះនឹងធ្វើឡើងចំពោះ សកម្មភាពមិនល្អទាំងឡាយណាដែលផ្ទុយនឹងច្បាប់អន្តរជាតិ ដែលធ្វើឡើងដោសហរដ្ឋអាមេរិក និងបណ្តារដ្ឋបរទេស និងអង្គការអន្តរជាតិដែលចូលរួមជាមួយពួកគេ។
បំរាមរបស់រដ្ឋាភិបាលរុស្សី នឹងបញ្ឈប់ការលក់ប្រេងឆៅដល់ប្រទេសដែលចូលរួមក្នុងការកំណត់តម្លៃតាមបណ្តាប្រទេសលោកខាងលិចចាប់ពីថ្ងៃទី ០១ ខែកុម្ភៈដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។ ការហាមឃាត់ដាច់ដោយឡែកលើផលិតផលប្រេងចម្រាញ់ដូចជាប្រេងសាំង និងប្រេងម៉ាស៊ូតនឹងចូលជាធរមាននៅថ្ងៃកំណត់ដែលកំណត់ដោយរដ្ឋាភិបាល។ លោក ពូទីន នឹងមានសិទ្ធិអំណាចពិសេសដើម្បីកែប្រែវិធានការណាមួយនៅក្នុងករណីពិសេស។
កន្លងមក អ្នកវិភាគមួយចំនួនបាននិយាយថា ការកំណត់តម្លៃប្រេងរុស្សីនាពេលបច្ចុប្បន្ននេះ មិនបានជះឥទ្ធិពលខ្លាំងក្លាទៅលើប្រាក់ចំណូលរបស់រុស្សីនាពេលបច្ចុប្បន្នឡើយ ត្បិតតម្លៃប្រេងរបស់រុស្សីបច្ចុប្បន្នធ្លាក់មកស្ទើរតែក្បែរពិដានតម្លៃកំណត់ ៦០ដុល្លារក្នុងមួយបារ៉ែលទៅហើយ។ ប៉ុន្តែការកំណត់តម្លៃនេះ នឹងអាចកំណត់់ប្រាក់ចំណេញរបស់រុស្សីនាពេលដែលប្រេងឡើងថ្លៃនាពេលអនាគតវិញ៕