WWF ស្នើមន្រ្តីជលផលដាក់វិធានការចំពោះការនេសាទខុសច្បាប់ក្នុងតំបន់អភិរក្ស ខណៈផ្សោតស្លាប់បន្តបន្ទាប់មិនដល់ដប់ថ្ងៃ
ភ្នំពេញ៖ ការស្លាប់ជាបន្តបន្ទាប់របស់សត្វផ្សោតត្រឹមរយៈពេល ១សប្តាហ៍ ធ្វើឱ្យ WWF ស្នើឱ្យមន្រ្តីជលផល ចេញល្បាតនិងដាក់ពិន័យដល់ជនល្មើសដែលប្រព្រឹត្តការនេសាទខុសច្បាប់ ជាបន្ទាន់នៅក្នុងតំបន់អភិរក្សសត្វផ្សោត ខណៈផ្សោតទាំងនោះភាគច្រើនស្លាប់ដោយសារសន្ទូចរនង (ខ្សែស្ទួចដែលគ្មានដងដាក់កាត់ផ្ទៃទឹក)។
ត្រឹមតែរយៈពេលមួយសប្ដាហ៍ប៉ុណ្ណោះ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែធ្នូ សត្វផ្សោតដល់ទៅ ៣ក្បាលបានស្លាប់ ដោយក្នុងនោះសាកសពសត្វផ្សោតឈ្មោលពេញវ័យមួយក្បាល ត្រូវបានគេប្រទះឃើញអណ្តែតតាមទឹកទន្លេ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ធ្នូ និង២ក្បាលទៀតប្រទះឃើញស្លាប់អណ្ដែតតាមទឹកនៅក្នុងខេត្តក្រចេះ ដោយសារតែជាប់មងនេសាទ និងសន្ទូចរនង ដែលសត្វផ្សោតទាំង៣ក្បាលដែលស្លាប់នោះ សុទ្ធតែជាផ្សោតដែលកំពុងពេញវ័យបន្តពូជ។
អង្គការ WWF ចាត់ទុកថា ការស្លាប់របស់សត្វផ្សោតទាំង៣ក្បាលនេះ ជាការប្រកាសអាសន្នមួយតម្រូវឱ្យមានវិធានការ សម្រាប់ពង្រឹងការអនុវត្តច្បាប់ជាបន្ទាន់នៅក្នុងតំបន់ជម្រកសត្វផ្សោត ព្រមទាំងទទូចដល់អាជ្ញាធរទទួលខុសត្រូវទាំងអស់ឱ្យពង្រឹងការអនុវត្តច្បាប់ជាបន្ទាន់ក្នុងការបង្កើនការល្បាតទាំងពេលថ្ងៃ និងយប់ ដើម្បីការពារសត្វផ្សោតដែលនៅសល់ជៀសឱ្យផុតពីការស្លាប់ដោយសារការនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សសត្វផ្សោត។
នាយកអង្គការ WWF-កម្ពុជា លោក សេង ទៀក បានឱ្យដឹងថា ការកើនឡើងនៃសកម្មភាពនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោត នឹងបណ្តាលឱ្យសត្វផ្សោតទន្លេមេគង្គឈានទៅផុតពូជ ប្រសិនបើគ្មានវិធានការបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះទេ ហើយការស្លាប់របស់សត្វផ្សោតវ័យបន្តពូជទាំងបីក្បាល ជាបន្តបន្ទាប់ក្នុងរយៈពេលមិនដល់ ១០ថ្ងៃនេះ ជាសារមួយដល់អាជ្ញាធរទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ចាំបាច់បង្កើនវត្តមានមន្ត្រីសម្រាប់ការពង្រឹងការអនុវត្តច្បាប់នៅក្នុងជម្រកសត្វផ្សោតនេះ។
លោកថា៖ «មិនមានជម្រើសផ្សេងទៀតទេ ក្រៅពីការអនុវត្តច្បាប់ដោយតឹងរ៉ឹង ជាបន្ទាន់ ដើម្បីបញ្ឈប់ទាំងស្រុងនូវសកម្មភាពខុសច្បាប់គ្រប់ទម្រង់នៅក្នុងតំបន់ដែលសត្វផ្សោតរស់នៅ»។
លោកទទូចឱ្យមន្ត្រីជលផល និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ត្រូវតែចេញល្បាតឱ្យបានទៀងទាត់នៅក្នុងតំបន់សត្វផ្សោត ជាពិសេសត្រូវដាក់ពិន័យឱ្យធ្ងន់ធ្ងរដល់ជនល្មើសដែលបានប្រព្រឹត្តការនេសាទខុសច្បាប់ ឬបទល្មើសនេសាទផ្សេងៗទៀតនៅក្នុងតំបន់អភិរក្សសត្វផ្សោត ដើម្បីជាការព្រមានដល់អ្នកនេសាទខុសច្បាប់ដទៃទៀត ឱ្យបញ្ឈប់ការប្រព្រឹត្តសកម្មភាពខុសច្បាប់ទាំងនោះ។
នាយកអង្គការ WWF-កម្ពុជារូបនេះសង្កត់ធ្ងន់ថា ប្រសិនបើការនេសាទខុសច្បាប់នេះនៅតែបន្តកើតឡើងទៀត ចំនួនសត្វផ្សោតអាចប្រឈមនឹងការបាត់បង់ទាំងស្រុងនាពេលខាងមុខ។
រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានលោក នេត ភក្រ្តា បានឱ្យដឹងថា សត្វផ្សោតត្រូវបានចាត់ទុកថាជាបេតិកភណ្ឌជាតិមានជីវិតរបស់កម្ពុជា ហើយនៅសល់ប្រមាណ ៨៩ក្បាលប៉ុណ្ណោះដែលរស់នៅក្នុងទន្លេមេគង្គចាប់ពីខេត្តក្រចេះដល់ខេត្តស្ទឹងត្រែង។
លោកបានឱ្យដឹងទៀតថា សត្វផ្សោតទឹកសាបទន្លេមេគង្គនេះជាធនធានជីវៈចម្រុះមួយដែលស្ថិតក្នុងបញ្ជីនៃតម្លៃដ៏វិសេសវិសាលនៃតំបន់ដងទន្លេមេគង្គដែលក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងបរិស្ថានកំពុងរៀបចំឯកសារដាក់ស្នើចូលក្នុងបញ្ជីត្រៀមសម្រាប់បេតិកភណ្ឌធម្មជាតិរបស់អង្គការយូណេស្កូ។
លោកថា៖ «ជារៀងរាល់ឆ្នាំ សត្វផ្សោតជាច្រើនក្បាលរកឃើញងាប់ ដែលខ្លះជាប់មងប្រជានេសាទ និងខ្លះទៀតអាចមកពីការឆក់ ដូចនេះត្រូវចូលរួមអភិរក្សសត្វផ្សោតកម្ពុជា និងអភិរក្សជីវចម្រុះផ្សេងទៀត ដើម្បីកម្ពុជារក្សាបាននូវតម្លៃធម្មជាតិសកលសម្រាប់ការរៀបចំបញ្ជី តំបន់អភិរក្សទាំងនេះសម្រាប់ស្នើដាក់ជាបញ្ជីត្រៀម «បេតិកភណ្ឌធម្មជាតិពិភពលោក» របស់អង្គការយូណេស្កូ»
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះបានគូសបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យដែលក្រសួងបរិស្ថានដាក់ចេញ មិនមែនសម្រាប់តែការពារសត្វលើគោក និង លើអាកាសទេ គឺរួមទាំងក្នុងទឹកផងដែរ ដូចនេះត្រូវការការពារអភិរក្ស។
លោកថា៖ «នាពេលកន្លងមកក្នុងយុទ្ធនាការអន្ទាក់សូន្យ ខ្ញុំបានលើកឡើងថា យុទ្ធនាការអន្ទាក់សូន្យនេះ មិនមែនផ្តោតតែលើអន្ទាក់នៅលើដី លើអាកាសទេ តែក៏បានផ្តោតលើអន្ទាក់ក្នុងទឹកផងដែរ។ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋកុំចូលទៅតំបន់ដែលហាមឃាត់ កន្លែងអភិរក្សសត្វផ្សោត ពីព្រោះយើងនៅសល់តែ៨៩ក្បាលទេ ប្រសិនបើវាបន្តស្លាប់ និងមានកូនកើតមិនបានច្រើននៅពេលណាមួយយើងនឹងបាត់បង់វា»។
គួរបញ្ជាក់ឱ្យដែលថា ៣ឆ្នាំចុងក្រោយនេះ មានសត្វផ្សោតសរុបចំនួន ២៩ក្បាលបានស្លាប់ ខណៈឆ្នាំ២០២២ សត្វផ្សោតសរុបចំនួន ១១ក្បាលបានស្លាប់បាត់បង់ជីវិត៕