ជប៉ុន៖ ក្រុមហ៊ុនជួញដូររូបិយបណ្ណគ្រីបតូដែលមានប្រភពមកពីសហរដ្ឋអាមេរិក បានបញ្ជាក់នៅព្រឹកថ្ងៃពុធនេះថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការទាំងអស់របស់ខ្លួននៅប្រទេសជប៉ុនចាប់ពីខែក្រោយតទៅ ដោយបានលើកឡើងពីស្ថានភាពថយចុះនៃទីផ្សារគ្រីបតូក្នុងប្រទេសជប៉ុន ក៏ដូចជាការធ្លាក់ចុះនៃទីផ្សារគ្រីបតូរបស់ខ្លួននៅលើពិភពលោក។
Kraken នឹងលុបឈ្មោះចេញពីទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុ (JFSA) គិតត្រឹមថ្ងៃទី៣១ ខែមករា ដែលនៅពេលនោះ អាចដកជាសាច់ប្រាក់របស់ខ្លួន រួមជាមួយកាក់ដែលកំពុងកាន់កាប់។ Kraken បានបញ្ជាក់ថា ក្រុមហ៊ុនគ្រីបតូមួយនេះត្រូវបានផ្តល់មូលនិធិយ៉ាងពេញលេញដើម្បីធានាថា អតិថិជនដែលរងផលប៉ះពាល់ទាំងអស់អាចដកទ្រព្យសម្បត្តិរបស់ពួកគេបានទាន់ពេលវេលា។
កាលពីខែមុន ក្រុមហ៊ុន Kraken បានប្រកាសពីការកាត់បន្ថយបុគ្គលិកប្រមាណ ៣០ភាគរយ ឬស្មើនឹងជា ១,១០០នាក់ ដោយសារលក្ខខណ្ឌទីផ្សារដ៏លំបាកបានធ្វើឱ្យតម្រូវការសម្រាប់ទ្រព្យសកម្មឌីជីថលធ្លាក់ចុះ។
Bitcoin ដែលជារូបិយប័ណ្ណគ្រីបតូដ៏ល្បីល្បាញបំផុតបានធ្លាក់ចុះនូវតម្លៃប្រមាណជា ៦០ភាគរយនៃតម្លៃដើមរបស់ខ្លួននៅឆ្នាំនេះ ខណៈដែលទីផ្សាររួមនៃរូបិយប័ណ្ណគ្រីបតូបានធ្លាក់ចុះតម្លៃប្រមាណជា ១,៤ទ្រីលានដុល្លារ។ ភាគច្រើននៃផលប៉ះពាល់នេះបណ្តាលមកពីការដួលរលំនៃចក្រភព FTX របស់ Sam Bankman-Fried ការបាត់បង់តម្លៃ Stablecoin និងការដួលរលំនៃកាក់ Luna ជាដើម៕