សេអ៊ូល៖ សមាជិកក្រុមចម្រៀងកូរ៉េដែលនាំតន្ត្រីកូរ៉េទៅកាន់ពិភពលោក BIGBANG ដែលអ្នកកើតអំឡុងទស្សវត្សឆ្នាំ៩០ ភាគច្រើនបានស្គាល់ក្នុងវ័យដែលពួកគេនៅវ័យជំទង់នោះ។ ពេលនេះសមាជិកក្រុម BIGBANG បានចែកផ្លូវគ្នាបណ្ដើរៗហើយ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានពីតារាកូរ៉េ Soompi បានចុះផ្សាយកាលពីថ្ងៃទី២៦ ខែធ្នូថា សមាជិកក្រុម BIGBANG ម្នាក់គឺលោក Daesung បានសម្រេចបញ្ចប់កិច្ចសន្យាជាមួយផលិតកម្ម YG Entertainment ហើយ ខណៈដែលក្រុមហ៊ុនកំពុងចរចារជាមួយ G-Dragon ដើម្បីបន្តក្រុងត្រា។
ជាមួយនឹងការចាកចេញរបស់ Daesung លោក Taeyang ដែលជាម្ចាស់បទ Wedding Dress បានចុះកុងត្រាជាមួយ THEBLACKLABEL រួចហើយនិងត្រូវបានប្រកាសកាលពីថ្ងៃទី២៦ ខែធ្នូ ផងដែរ។
ចំពោះ T.O.P បានចាកចេញពីផលិតកម្ម YG Entertainment បន្ទាប់ពីការផុតកំណត់នៃកិច្ចសន្យារបស់គាត់កាលពីដើមឆ្នាំនេះ។
បើទោះជាសមាជិកក្រុមបានចាកចេញពី YG ក្ដីតែក្រុមហ៊ុននេះនៅតែបញ្ជាក់ថា៖ «ពួកគេនៅតែជាសមាជិក BIGBANG ដដែល»។
គួរឱ្យដឹងដែរថា BIGBANG គឺជាក្រុមចម្រៀងកូរ៉េដែលបង្កើតឡើងនៅឆ្នាំ២០០៦ ដោយផលិតកម្ម YG Entertainment មានសមាជិក៥នាក់គឺ G Dragon, T.O.P, Taeyang, Sung Ri និង Daesung។ ក្រុមចម្រៀងនេះទទួលបានគាំទ្រខ្លាំងពីអ្នកគាំទ្រនៅកម្ពុជាក្នុងរង្វង់ឆ្នាំ២០០៩ ដែលពេលនោះយុវវ័យកម្ពុជាមានការលេងម៉ូតសក់ប្លែកតាមសមាជិកក្រុមនេះផងដែរដែលគេហៅថាសក់ តេយ៉ាង គឺកាត់សក់ឈូសអស់ផ្នែកចំហៀងនិងទុកតែកណ្ដាលដើម្បីចាប់ជែលធ្វើឱ្យស្រួចឡើងទៅលើ។
បទចម្រៀងដែលយុវវ័យពេញនិយមស្ដាប់ពេលនោះមាន Haru Haru, Lies, My Heaven, Last Farewell, Beautiful Hangover, Gara Gara Go, Tonight និងBang Bang ជាដើម៕