ភ្នំពេញ៖ ក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អំណោយវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានកម្រិតដល់កម្ពុជា ដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វ ដែលកំពុងកើតមាន បន្ថែមទៅនឹងវ៉ាក់សាំងដែលកម្ពុជាមានស្រាប់។
នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីប្រគល់-ទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានកម្រិត ដែលជាអំណោយរបស់ក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណៈរដ្ឋប្រជាមានិតចិន និងមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក ឌិត ទីណា ព្រមទាំងឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា លោក Wang Wentian។
វ៉ាក់សាំងសត្វ ១លានកម្រិតដែលទទួលបានពីចិនលើកនេះ រួមមាន វ៉ាក់សាំងជំងឺអុតក្តាម ៣ប្រភេទ សម្រាប់គោក្របីចំនួន ៥០ម៉ឺនកម្រិត និងវ៉ាក់សាំងជំងឺបូសខ្យល់គោក្របីសរុប ៥០ម៉ឺនកម្រិត ហើយវ៉ាក់សាំងទាំងនេះនឹងជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វដែលកំពុងតែកើតមាននៅកម្ពុជា។
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានលើកឡើងថា វិស័យចិញ្ចឹមសត្វដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូល និងជំរុញសេដ្ឋកិច្ចជាតិ ហើយកន្លងមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជាក្រសួងកសិកម្ម បានខំប្រឹងប្រែងជំរុញវិស័យនេះឱ្យមានការរីកចម្រើនផងដែរ ប៉ុន្តែនូវជួបបញ្ហាមួយចំនួន ដូចជាជំងឺឆ្លងសត្វដែលធ្វើឱ្យប៉ះពាល់ដល់ការចិញ្ចឹម ការផ្គត់ផ្គង់សាច់ និងផលិតផលសត្វនៅលើទីផ្សារក៏ដូចជាសេដ្ឋកិច្ចនៅកម្ពុជា។
លោកបន្តឱ្យដឹងថា កន្លងមកកម្ពុជាបានជួបប្រទះនូវការផ្ទុះ និងឆ្លងរាលដាលនៃជំងឺមួយចំនួនដូចជា ជំងឺអុតក្តាម ជំងឺសារទឹកគោក្របី ជំងឺប៉េស្តជ្រូក ជំងឺផ្ដាសាយបក្សី ជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំងឺដុំពកស្បែកលើគោក្របី ដែលធ្វើឱ្យខូចខាតយ៉ាងខ្លាំងដល់អ្នកចិញ្ចឹមសត្វជាពិសេសកសិករនៅជនបទ ម្យ៉ាងទៀត មន្ទីរពិសោធន៍ និងធនធានមនុស្សនៅមានកម្រិត បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍវិស័យចិញ្ចឹមសត្វផងដែរ។
គួររំឭកផងដែរថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនកន្លងមកលើវិស័យកសិកម្មសំខាន់ៗដូចជាដំណាំ ការចិញ្ចឹមសត្វ នេសាទ និងកៅស៊ូជាដើម ត្រូវបានអនុវត្តយ៉ាងពេញលេញ និងទទួលបានផ្លែផ្កា ជាក់ស្តែងនាពេលថ្មីៗនេះកម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិនបានជាង ២ ៦០០តោន គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ហើយនាពេលខាងមុខ កម្ពុជានឹងនាំចេញ ពោត ម្រេច និងផលិតផលកសិកម្មផ្សេងៗទៀតទៅកាន់ទីផ្សារចិនផងដែរ៕







