ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន សំណូមពរឱ្យក្រុមហ៊ុនអចលនទ្រព្យបន្តអភិវឌ្ឍគម្រោងសាងសង់លំនៅឋានដែលមានតម្លៃសមរម្យសម្រាប់លក់ជូនប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការសាងសង់លំនៅឋានដែលមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម និងគ្មានលទ្ធភាពអាចទិញផ្ទះរស់នៅបាន។
សម្តេចបាននិយាយបែបនេះ ដោយកត់សម្គាល់ឃើញថាបច្ចុប្បន្ន ពលរដ្ឋ និងមន្ត្រីរាជការដែលមានប្រាក់ចំណូលទាបមិនអាចទិញផ្ទះដែលមានតម្លៃថ្លៃរស់នៅបានឡើយ។ សម្តេចតេជោគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានលើកលែងពន្ធប្រថាប់ត្រាលើផ្ទះដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លាររហូតដល់ដំណាច់ឆ្នាំ២០២២។
ទន្ទឹមនេះសម្តេចបានណែនាំឱ្យផ្តល់ដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋដែលខ្វះខាត និងក្រីក្រ ហើយកំណត់អត្តសញ្ញាណដីជូនពួកគាត់ដើម្បីឱ្យពួកគាត់មានដីស្របច្បាប់ដើម្បីកសាងជីវភាព។ ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានកសាងផ្ទះជូនកម្លាំងប្រដាប់អាវុធដែលឈរជើងតាមព្រំដែន និងសម្រាប់អតីតយុទ្ធជនផងដែរ។
ក្នុងរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា កម្ពុជាមានសំណង់ទូទាំងប្រទេសមានចំនួន ៣ ៨២៧គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ៦ ៥៩៦ ៩៣៦ម៉ែត្រក្រឡា ដែលប្រើទុនវិនិយោគជាង ២ពាន់ ៦រយលានដុល្លារ៕