ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោ លើកទឹកចិត្តឱ្យដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការនៅតាមមូលដ្ឋាន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យអភិបាលខេត្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាពិសេសវិវាទដីធ្លីនៅតាមមូលដ្ឋានដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី បង្កើនភាពសុខសាន្តសុខុមរមនា សង្គម បង្កភាពអនុគ្រោះដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅតាមមូលដ្ឋាន និងឈានដល់ការបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជម្លោះដីធ្លីនេះបានចាប់ផ្តើមកើតមានឡើងនៅពេលដែលកម្ពុជាចាប់ផ្តើមមានសុខសន្តិភាព ពោលដោយមានពលរដ្ឋជាច្រើនបានស្វះស្វែងរកដីនៅកន្លែងនេះ នៅកន្លែងនោះ។ ទន្ទឹមនេះមន្ត្រីរាជការ និងអ្នកមានៗ ក៏ស្វះស្វែងពង្រីកដី និងអភិវឌ្ឃផងដែរ។ មូលហេតុនេះហើយបានជាបង្កឱ្យកើតមាននូវជម្លោះដីធ្លី។

សម្តេចបានថ្លែងថា៖ «ដោយសារសន្តិភាពនៅពេលនោះ គឺមានការអភិវឌ្ឍឡើង គឺជម្លោះដីធ្លីក៏ចាប់ផ្តើម ប៉ុន្តែមិនមែនជារឿងថ្មីថ្មោងទេ»។

ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានទទួលពាក្យបណ្តឹងដីធ្លីពីប្រជាពលរដ្ឋចំនួន ៦ ០១៩ករណី ចាប់ពីឆ្នាំ២០១៨ ដល់ ៩ខែឆ្នាំ២០២២នេះ ក្នុងនោះក្រសួងបានដោះស្រាយបញ្ចប់ចំនួន ៣ ៦៩១ករណី និងកំពុងដោះស្រាយចំនួន ៣ ៤៨៤ករណី។ បណ្តឹងដីធ្លីមានចំនួនជាង៦ពាន់ករណី ដោយដោះស្រាយបានជាង ៣ពាន់ករណី។

បើតាមរបាយការណ៍ស្តីពីសមិទ្ធផលសង្ខេបរយៈពេល៥ឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ក្រសួងបានទទួលពាក្យបណ្តឹងក្នុងឆ្នាំ២០១៨ ចំនួន ២ ៩៣០ករណី ដោះស្រាយបានចំនួន ២ ៤០៤ករណី។

ក្នុងឆ្នាំ២០១៩ ទទួលបានចំនួន ១ ៣០៩ករណី ដោះស្រាយបានចំនួន ៤៧២ករណី។ ក្នុងឆ្នាំ២០២០ ទទួលបាន ៨៧២ករណី ដោះស្រាយបាន ៣៧៨ករណី។ ក្នុងឆ្នាំ២០២១ ទទួលបានចំនួន ៣៩២ករណី ដោះស្រាយបានចំនួន ២០២ករណី ហើយក្នុង៩ខែឆ្នាំនេះទទួលបានចំនួន ៥១៦ករណី ដោះស្រាយបានចំនួន ២៣៥ករណី។ សរុបមកនៅសល់ករណីចំនួន ៣ ៤៨៤ករណីទៀតដែលក្រសួងកំពុងតែដោះស្រាយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក