ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានព្រមានទៅកាន់មន្ត្រីនគរបាលយុត្តិធម៌និងកងរាជអាវុធហត្ថ បើទោះបីជាមានពាក់ស័ក្កិដល់លោកខែក៏ដោយក៏សម្ដេចដកចេញដែរបើសិនជាធ្វើការទាំងងងឹតងងុល។
ថ្លែងនៅក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាកាលពីថ្ងៃមិញសម្តេចតេជោបានចេញមុខធានាទៅដល់បុគ្គលិកម្នាក់នៃទូរទស្សន៍បាយ័នបន្ទាប់ពីឮដំណឹងថាមានការចាប់បុគ្គលិកម្នាក់នោះដោយគ្រាន់តែសង្ស័យពាក់ព័ន្ធនឹកការឆបោកលុយ ៣៦លានដុល្លារ។
ជាមួយគ្នានេះសម្ដេចតេជោ បានឲ្យមេធាវីរបស់សម្ដេចជួយការពារក្ដីដល់បុគ្គលិកម្នាក់នេះផងដែរខណៈស្នើដល់នគរបាលយុត្តិធម៌កុំធ្វើការទាំងងងឹតងងុល។
សម្ដេចថា៖ «កុំថាពាក់ត្រឹមផ្កាយលោកឯងពាក់ដល់លោកខែក៏ខ្ញុំដកចេញបានដែរ»។
សម្ដេចតេជោបានបញ្ជាក់ថាការប្រើអំណាចចាប់ចងនេះនៅធ្វើឲ្យប៉ះពាល់ទៅដល់មុខមាត់របស់រាជរដ្ឋាភិបាលជាពិសេសគឺនាយករដ្ឋមន្ត្រីតែម្ដង។
សម្ដេចតេជោបាននិយាយថា សម្ដេចនឹងតាមមើលករណីនេះរហូតដល់ចប់៕















