ចិន៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃទី២៧ ខែធ្នូនេះថា ប្រទេសចិន នឹងលុបចោលនូវវិធានការចត្តាឡីស័កសម្រាប់អ្នកដំណើរដែលចូលទៅកាន់ប្រទេសចិន ដែលនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣តទៅ។ នេះគឺជាការបន្ធូរបន្ថយនូវវិធានការសុខាភិបាលមួយទៀត ក្រោយការតម្រូវឱ្យធ្វើចត្តាឡីស័កបានដាក់ចេញរយៈពេលជិត៣ឆ្នាំកន្លងទៅ។
គណៈកម្មាធិការសុខាភិបាលជាតិ (NHC) បានប្រកាសអំពីការបន្ធូរបន្ថយនូវវិធានការសុខាភិបាលបង្ការកូវីដ-១៩ តាមប្រព័ន្ធអនឡាញបន្ថែមថា សម្រាប់អ្នកដំណើរដែលមានបំណងចូលមកកាន់ប្រទេសចិនតាមរយៈជើងហោះហើរ គ្រាន់តែត្រូវធ្វើតេស្តតាមរយៈម៉ាស៊ីន PCR រយៈពេល ៤៨ម៉ោងមុនធ្វើដំណើរចូលដល់ប្រទេសចិនប៉ុណ្ណោះ។
សេចក្តីប្រកាសនេះគឺជាជំហានចុងក្រោយបង្អស់របស់រដ្ឋាភិបាលក្នុងការបន្ធូរបន្ថយវិធានការបង្ការកូវីដ-១៩ បន្ទាប់ពីបានប្រកាសលុបចោលនូវកាតព្វកិច្ចធ្វើតេស្ត និងបិទខ្ទប់នៅដើមខែធ្នូនេះ។ ក្នុងសេចក្តីប្រកាសដាច់ដោយឡែកមួយទៀត NHC បានប្រកាសចាត់ថ្នាក់កូវីដ-១៩ ចេញពីចំណាត់ថ្នាក់ឆ្លងកំពូលនៅក្នុង Grade A ចូលមកកាន់កម្រិតឆ្លង Grade B លំដាប់ទីពីរ។
គួរបញ្ជាក់ថា ក្រោយថ្ងៃទី០៨ ខែមករា នេះគឺជាលើកដំបូងហើយដែលរដ្ឋាភិបាលចិនសម្រេចលើកលែងការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរមកពីបរទេស ខណៈកាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅរដ្ឋាភិបាលធ្លាប់បានដាក់នូវកាតព្វកិច្ចធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករយៈពេល ២សប្តាហ៍ និងក្រោយមកឡើងដល់ ៣សប្តាហ៍សម្រាប់អ្នកដំណើរពីក្រៅប្រទេស។ វិធានចាស់ការនេះមានផលរំខានយ៉ាងខ្លាំងដល់ភ្ញៀវទេសចរណ៍អន្តរជាតិ និងការធ្វើដំណើរធុរកិច្ច ដែលធ្វើឱ្យរាំងស្ទះដល់សេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ១៩៕