ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

អ្នកស្រី ហែម ស៊ីណាត បេក្ខជនបាក់ឌុបមានអាយុច្រើនជាងគេដែលត្រូវបាននាយករដ្ឋមន្ត្រីលើកទឹកចិត្ត

បន្ទាយមានជ័យ៖ អ្នកស្រីវ័យ ៥៦ឆ្នាំ ហែម ស៊ីណាត ដែលជាបេក្ខជនបំពេញវិជ្ជាវ័យចំណាស់ជាងគេដែលប្រឡងបាក់ឌុបធ្លាក់ បានអរគុណដល់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានឧបត្ថម្ភថវិកា ១០លានរៀល និងលើកទឹកចិត្តឱ្យខិតខំរៀនសូត្របន្តការប្រឡងនៅឆ្នាំក្រោយ។

អ្នកស្រី ហែម ស៊ីណាម បានទទួលថវិកាដែលសម្តេចផ្តល់ឱ្យហើយ គឺផ្ញើតាមរយៈ True Money។ ក្រៅពីនេះ អ្នកគ្រូ ក៏ទទួលបានថវិកាចំនួន ៣៥០ដុល្លារ និងអំណោយផ្សេងៗទៀតពីសប្បុរសជនដទៃទៀតផងដែរ។

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន EAC News តាមទូរសព្ទ បេក្ខជនវ័យ ៥៦ឆ្នាំរូបនេះបាននិយាយថា៖ «លុយគឺខ្ញុំបានទៅដកហើយ ខ្ញុំរំភើប និងរីករាយខ្លាំង ខ្ញុំអរខ្លាំងណាស់ ហើយខ្ញុំថ្លែងអំណរគុណដល់សម្តេចឱ្យមានសុខភាពល្អ ជាម្លប់ដ៏ត្រជាក់ដល់កូនចៅទៅអនាគត»។

មានស្រុកកំណើតនៅខេត្តកំពតអ្នកស្រីបានគូសបញ្ជាក់ថា ថវិកាជាង ១០លានរៀលនេះ អ្នកស្រីនឹងយកទៅផ្គត់ផ្គង់ការសិក្សារបស់ចៅៗចំនួន ៧នាក់ដែលរស់នៅក្នុងបន្ទុកផង សម្រាប់ផ្គត់ផ្គង់ដើម្បីរៀនខ្លួនឯងផង និងមួយចំណែកទៀត អ្នកស្រីនឹងយកទៅបង្កើតមុខរបរ ពោលលក់នំចំណី និងសម្ភារសិក្សាបន្តិចបន្តួចនៅក្នុងសាលាបឋមសិក្សាថ្មរមៀល ស្ថិតក្នុងភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីបានជាថវិកាសម្រាប់ផ្គត់ផ្គង់ការសិក្សាដល់ចៅៗជាបន្តទៀត។

អ្នកស្រី ហែម ស៊ីណាត មានគោលបំណងតាំងពីក្មេងគឺចង់ក្លាយជាគ្រូបង្រៀនម្នាក់ ប៉ុន្តែដោយសារគ្រួសារខ្វះលទ្ធភាពឱ្យអ្នកស្រីរៀន ទើបបង្គំចិត្តឱ្យឈប់រៀនក្រោយពីទទួលបានសញ្ញាបត្រឌីប្លូមក្នុងឆ្នាំ១៩៨៥។ នៅឆ្នាំ១៩៨៧ អ្នកស្រីបានរៀបការមានកូនចំនួន ៤នាក់ ស្រី ២នាក់ និងប្រុស ២នាក់ ហើយអ្នកស្រីក៏បានផ្លាស់ទីពីខេត្តបាត់ដំបង មករស់នៅខេត្តបន្ទាយមានជ័យនៅឆ្នាំ២០០៨។

នៅឆ្នាំ២០១០ អ្នកស្រីត្រូវបានគេជ្រើសរើសឱ្យធ្វើជាគ្រូចំណេះទូទៅរហូតដល់ឆ្នាំ២០១៨ ដោយសារតែកាលនោះនៅក្នុងតំបន់ដែលអ្នកគ្រូរស់នៅគឺពុំសូវមានអ្នកគ្រូបង្រៀនឡើយ។ នៅឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន អ្នកស្រីជាគ្រូអក្ខរកម្មនៅសាលាបឋមសិក្សាថ្មរមៀល។ អ្នកស្រីមានបំណងចង់ក្លាយជាគ្រូចំណេះទូទៅវិញ ប៉ុន្តែក្រសួងអប់រំតម្រូវឱ្យមានសញ្ញាបត្របាក់ឌុប ទើបអាចប្រឡងចូលក្របខណ្ឌគ្រូចំណេះទូទៅបាន ទើបអ្នកស្រីសម្រេចចិត្តចូលប្រឡងបាក់ឌុបនៅឆ្នាំ២០២២ ដោយលទ្ធផលគឺធ្លាក់។

តែយ៉ាងណាក្តី អ្នកស្រី ហែម ស៊ីណាត នឹងនៅតែបន្តរៀនសូត្របន្ថែមទៀត ដើម្បីប្រឡងឱ្យជាប់សញ្ញាបត្របាក់ឌុបឱ្យខាងតែបាន បើទោះបីដឹងថាខ្លួនមានវ័យកាន់តែចាស់ ភ្នែកមើលមិនសូវឃើញ ការចងចាំក៏ខ្សោយជាងមុន ជាពិសេសទទួលបានការមាក់ងាយពីអ្នកដទៃក៏ដោយ។

អ្នកស្រី ហែម ស៊ីណាត បានផ្តាំផ្ញើដល់បេក្ខជនប្រឡងធ្លាក់ដទៃទៀតមិនត្រូវបោះបង់ការសិក្សាដោយសារមិនជាប់បាក់ឌុបឡើយ ជាពិសេសត្រូវប្រឹងប្រែងរៀនសូត្របន្តទៀតដើម្បីក្លាយជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិ។

សម្រាប់អ្នកស្រី ការសិក្សាទទួលបានចំណេះវិជ្ជាគឺជាស្ពានចម្លងអ្នកស្រីឱ្យឃើញពីពន្លឺ និងរួមចំណែកជួយអប់រំដល់ក្មេងៗដទៃទៀតផងដែរ។ មូលហេតុនេះហើយបានជាអ្នកស្រីប្តេជ្ញាចិត្តនឹងមិនឱ្យចៅៗឈប់រៀនដូចអ្នកស្រីឡើយ ពោលនឹងជួយជ្រោមជ្រែងឱ្យចៅទទួលបានការសិក្សាឱ្យចប់ចុងចប់ដើមដើម្បីឱ្យពួកគេមានអនាគតល្អ និងមានការងារល្អ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក