ភ្នំពេញ៖ រដ្ឋាភិបាលប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួនជិត ៤ពាន់លានរៀល ឬស្មើនឹងជាង ១លានដុល្លារ ដល់ម្ចាស់ជ័យលាភីមេដាយ និងគ្រូបង្វឹក គ្រូជំនួយ ដែលចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២។
រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សម្តេចពិជ័យសេនាបាន ចូលរួម និងជាតំណាងសម្តេចតេជោ ហ៊ុន សែន ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៣,៤៥៨,២០០,០០០រៀល របស់រាជរដ្ឋាភិបាលជូនដល់ម្ចាស់ជ័យលាភីមេដាយ និងគ្រូបង្វឹក គ្រូជំនួយពីការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ កាលពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា នៅប្រទេសវៀតណាម។
ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ម្ចាស់ជ័យលាភីមេដាយ និងគ្រូបង្វឹក គ្រូជំនួយពីការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ ជួនណារ៉ុន និង រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅទីស្តីការក្រសួងការពារជាតិ។
ចំពោះជ័យលាភីជាម្ចាស់មេដាយមាស ប្រាក់ និងសំរឹទ្ធ មានចំនួន៩៣នាក់ ព្រមទាំងគ្រូបង្វឹក និងគ្រូជំនួយ ៤២នាក់ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ដោយតាមអនុក្រឹត្យរាជរដ្ឋាភិបាល មេដាយមាស ១គ្រឿង (១វិញ្ញាសា) ទទួលបាន ៤០លានរៀល មេដាយប្រាក់ ១គ្រឿងទទួលបាន ៣០លានរៀល និងមេដាយសំរឹទ្ធ ១គ្រឿង ទទួលបាន ១៦លានរៀល។
ក្នុងឱកាសនោះដែរ រដ្ឋមន្ត្រីការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ កោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនី ដែលខិតខំប្រឹងប្រែងហ្វឹកហាត់ចូលរួមប្រកួតរហូតទទួលបានជ័យលាភីជាទោះបីស្ថិតក្នុងកាលៈទេសៈការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស តំបន់ និងពិភពលោកក្តីដោយជោគជ័យនេះ បានបង្ហាញពីវិស័យកីឡាកម្ពុជាមានការរីកចម្រើន វឌ្ឍនភាពល្អប្រសើរ ទាក់ទិននឹងគុណភាពកីឡាករ កីឡាការិនី។
គួរឱ្យដឹងដែលថា កម្ពុជាដណ្តើមបានមេដាយពីកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម លើ១៥ប្រភេទកីឡា ក្នុងនោះមាស ៩គ្រឿង ប្រាក់ ១៣គ្រឿង និងសំរឹទ្ធ ៤១គ្រឿង៕