សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខណ្ឌដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០នាក់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅយោធភូមិភាគទី៣ | ឃាត់ខ្លួនមនុស្សជាង៤០០នាក់ ពាក់ព័ន្ធនឹងបទល្មើសនានាក្នុងសប្តាហ៍កន្លងទៅនេះ | រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់ | ៤ខែដើមឆ្នាំ២០២៤ កម្ពុជាលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានជាង២០លានដុល្លារ |

ហេតុអ្វី ហ៊ី ទៀងគីមហុង ក្លាយជាបេក្ខជនជាប់បាក់ឌុបម្នាក់ដែលនាយករដ្ឋមន្ត្រីចាប់អារម្មណ៍បំផុត?

ភ្នំពេញ៖ បេក្ខជន ហ៊ី ទៀងគីមហុង បានក្លាយជាបេក្ខជនដែលជាប់បាក់ឌុបម្នាក់គត់ដែលនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចាប់អារម្មណ៍បំផុតបើទោះបីគេទទួលបាននិទ្ទេស C ក្ដី។

ថ្លែងក្នុងពិធីបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាដោយបានជួយកុមារាម្នាក់នេះឱ្យរៀនដល់ថ្នាក់បណ្ឌិតផងដែរ។

សម្ដេចតេជោថា៖ «ឥឡូវកំពុងតែឱ្យរៀនចាប់យកម្ខាងគឺស្ថាបត្យកម្ម និងម្ខាងទៀតគឺព័ត៌មានវិទ្យា។ ឱ្យរៀនពីរមហាវិទ្យាល័យទៅជាមួយគ្នាតែម្ដង»។

ហេតុអ្វី ហ៊ី ទៀងគីមហុង ក្លាយជាបេក្ខជនជាប់បាក់ឌុបដេលនាយករដ្ឋមន្ត្រីចាប់អារម្មណ៍បំផុត?

អ្វីដែលចាប់អារម្មណ៍ដំបូងគេនោះគឺ ហ៊ី ទៀងគីមហុង ទើបតែមានអាយុ ១៣ឆ្នាំ ៣ខែ និង៥ថ្ងៃប៉ុណ្ណោះ គិតត្រឹមថ្ងៃប្រឡងបាក់ឌុប សម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ គេគឺជាកុមារម្នាក់ក្នុងចំណោមកុមារផ្សេងទៀតដែលត្រូវបាននាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានជួយតាំងពីឆ្នាំ២០១៧មក។

សម្ដេចតេជោ ហ៊ុន សែន បានជួយឱ្យ ទៀងគីមហុង ឡើងមកសិក្សានៅរាជធានីភ្នំពេញ និងបានផ្ដល់ផ្ទះមួយខ្នងនៅស្ទឹងមានជ័យ ជាមួយនឹងប្រាក់ឧបត្ថម្ភប្រចាំឆ្នាំផងដែរ។

ចំណុចពិសេសរបស់ ទៀងគីមហុង គឺជាកុមារម្នាក់ដែលមានខួរក្បាលដើរលឿនជាងក្មេងដទៃដែលមានវ័យស្របាលគ្នា គេអាចអានអក្សរខ្មែរ អង់គ្លេស និងបាលីសំស្ក្រឹត បាននៅអាយុ ២ឆ្នាំ គេអាចធ្វើលំហាត់គណិតវិទ្យាសិស្សថ្នាក់ទី១០ និងទី១២ នៅអាយុ ៧ឆ្នាំ ក្រៅពីនេះគេមានសមត្ថភាពប្រើប្រាស់កុំព្យូទ័រ និងស្រាវជ្រាវវាស់ផែនទីភូមិសាស្ត្រនៅលើ Google Map ផងដែរ។

ត្រឹមតែអាយុ ៧ឆ្នាំគេបានចូលរៀនថ្នាក់ទី៦ នៅសាលាបឋមសិក្សា ហ៊ុន សែន អនុវត្តក្នុងខេត្តតាកែវរួចទៅហើយ។ កុមារាម្នាក់នេះត្រូវបាននាយករដ្ឋមន្ត្រីជួយជ្រោមជ្រែងជាខ្លាំងបន្ទាប់ពីបានជួប និងសាកល្បងសមត្ថភាពចំនួន៣ដងរួច។

ក្នុងឆ្នាំ២០១៧ កុមារា គីមហុង បានទទួលអាហារូបករណ៍ចូលរៀនថ្នាក់ទី៨ នៅសាលប៊ែលធី អន្តរជាតិ (ស្ទឹងមានជ័យ) ក្នុងរាជធានីភ្នំពេញ និងបន្តសិក្សារហូតដល់ប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ក្នុងឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានកោតសរសេរកុមារាម្នាក់នេះណាស់និងបានហៅ ហ៊ី ទៀងគីមហុង ថាជា «កុមារទេពផងដែរ»។

សម្ដេចតេជោបានសរសេរលើហ្វេសបុកផេករបស់សម្ដេចកាលពិថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ថា៖ «តាមការជួបធ្វើតេស្តដោយផ្ទាល់ជាមួយ គីមហុង រហូតបានប្រឡងជាប់បាក់ឌុបនៅអាយុ ១៣ឆ្នាំ ៣ខែ ៦ថ្ងៃ ខ្ញុំអាចនិយាយបានថា ចៅគីម ហុង ជាមនុស្សទេព។ លើលោកនេះប្រហែលមិនមានមនុស្សពិសេសបែបនេះច្រើននាក់ទេ។ គីមហុង មានសមត្ថភាពច្រើនជាងខ្ញុំលើការប្រើកុំព្យួទ័រ និងភាសាអង់គ្លេស នេះជាការពិតមួយដែលខ្ញុំត្រូវតែទទួលយក»។

សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចនឹងរ៉ាប់រងទាំងអស់លើការសិក្សារបស់ ហ៊ី ទៀងគីមហុង និងជូនពរឱ្យ គីមហុង ទទួលបានជោគជ័យក្នុងការសិក្សា និងជីវិតផងដែរ។

គោលបំណងរបស់សម្ដេចក្នុងការជួយកុមារាម្នាក់នេះគឺចង់ធ្វើឱ្យ ហ៊ី ទៀងគីមហុង ក្លាយជាបណ្ឌិតដែលមានវ័យក្មេងជាងគេលើពិភពលោក។

សម្ដេចតេជោថ្លែងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ នេះថា៖ «ក្មេងនេះអាចអាយុ ១៧ឆ្នាំនឹងចប់បរិញ្ញាបត្រហើយ អាយុ ១៩ឆ្នាំនឹងចប់បរិញ្ញាបត្រជាន់ខ្ពស់ ប៉ុន្ដែដើម្បីក្លាយជាបេក្ខជនបណ្ឌិតបានទាល់តែឆ្លងកាត់មកធ្វើការសិនធ្វើការងាររួចហើយចាំបន្តយកថ្នាក់បណ្ឌិត»។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន គឺជាអ្នកដែលឱ្យតម្លៃដល់ការសិក្សា សម្ដេចតែងផ្ដល់អាហារូបករណ៍ និងជួយដល់សិស្សណាដែលចង់សិក្សារៀនសូត្រ។ ចំពោះ ហ៊ី ទៀងគីមហុង ក្រោមការជ្រោមជ្រែងពីសម្ដេចតេជោបានកែប្រែជីវិតកុមារាម្នាក់នេះជាខ្លាំង និងអាចមានជីវិតកាន់តែប្រសើរថែមទៀតនាថ្ងៃអនាគត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក