ឥណ្ឌូណេស៊ី៖ ប៉ូលិសឥណ្ឌូណេស៊ីបានប្រាប់នៅព្រឹកថ្ងៃចន្ទនេះថា មានការប្រទះឃើញទូកបាក់បែកមួយគ្រឿងដែលមានផ្ទុកនូវជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន ៥៧នាក់ បានចូលចតនៅឆ្នេរសមុទ្រប៉ែកខាងលិចនៃប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអាទិត្យ ទី២៥ ខែធ្នូម្សិលមិញនេះ ក្រោយរសាត់អណ្តែតលើមហាសាគរជាងមួយខែ។
ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ ដែលត្រូវបានធ្វើទុក្ខបុកម្នេញយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានប្រជាជនភាគច្រើនកាន់ព្រះពុទ្ធសាសនា ជារៀងរាល់ឆ្នាំបានប្រថុយជីវិតរបស់ពួកគេក្នុងការធ្វើដំណើរតាមផ្លូវទឹកដែលមានតម្លៃថ្លៃ និងចម្ងាយឆ្ងាយ លើទូកដែលមានគុណភាពអន់ ឬគ្មានគុណភាពតែម្តង ក្នុងគោលបំណងចាកចេញពីប្រទេសីយ៉ាន់ម៉ា ឆ្ពោះមកកាន់ប្រទេសមូស្លីមធំចំនួនពីរក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមានប្រទេសឥណ្ឌូណេស៊ី និងប្រទេសម៉ាឡេស៊ី។
ប៉ូលិសក្នុងតំបន់បានថ្លែងប្រាប់សារព័ត៌៌មានថា ទូកឈើបាក់បែកមួយដែលមានមនុស្សចំនួន ៥៧នាក់បានចូលមកដល់ឆ្នេរនៃខេត្ត Aceh នាព្រឹកថ្ងៃអាទិត្យម្សិលមិញ។ លោកបន្ថែមថា ទូកដែលគេប្រទះឃើញនោះបានខូចម៉ាស៊ីនបាត់ទៅហើយ ខណៈព្យាយាមធ្វើដំណើរដោយប្រើក្តោង ហើយមនុស្សនៅលើទូកបានអះអាងថាពួកគេស្ថិតលើសមុទ្ររយៈពេលជាង ១ខែមកហើយ។ ប៉ូលិសបន្ថែមថា មានមនុស្សបួននាក់នៅលើទូកមានអាការៈមិនស្រួលខ្លួន និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។
លោក Telmaizul Syatri ប្រធានផ្នែគជនអន្តោប្រវេសន៍ក្នុងតំបន់បានបញ្ជាក់ថា ជនភៀសខ្លួនទាំងអស់នឹងត្រូវអនុញ្ញាតឱ្យស្នាក់នៅអគាររបស់រដ្ឋជាបណ្តោះអាសន្នសិន ស្របពេលអាជ្ញាធរនឹងពិភាក្សាការងារជាមួយអង្គការអន្តរជាតិសម្រាប់ជនចំណាកស្រុក និង ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដើម្បីអាចដោះស្រាយបញ្ហានេះបានល្អ។
គួរបញ្ជាក់ថា នេះគឺជាទូកដែលមានផ្ទុកជនភៀសខ្លួនជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាទី៣ហើយដែលបានចូលចតនៅដែនដីឥណ្ឌូណេស៊ី ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ បើតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បញ្ជាក់ថា កាលពីថ្ងៃទី១៥ និង១៦ ខែវិច្ឆិកាកន្លងទៅ មានទូកផ្ទុកជនភៀសខ្លួនជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាចំនួន ២២៩នាក់បានចូលមកចតនៅខេត្ត Aceh នេះដូចគ្នា៕