កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារមួយផ្ញើទៅកាន់ប្រជាពលរដ្ឋថាចូលកុំខ្លាចប៉ូលិសចរាចរណ៍ ជាងខ្លាចស្លាប់ ឬរបួស ព្រោះយើងមិនអាចទាញពេលវេលាថយក្រោយនោះទេ។
ថ្លែងក្នុងពិធីបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ជីវិតមនុស្សជាមធ្យម៥នាក់ក្នុងមួយថ្ងៃដែលជាបញ្ហាកង្វល់មួយរបស់រាជរដ្ឋាភិបាល។
សម្ដេចបានឱ្យជាពាក្យស្លោកមួយថា៖ «កុំខ្លាចប៉ូលិសចរាចរណ៍ ត្រូវខ្លាចស្លាប់ ឬរបួស។ […] ពាក្យថាស្លាប់អត់មានទៅវិញវិលល្ងាចទេ បើពិការហើយគឺពិការហើយ»។
ក្នុងមួយថ្ងៃជាមធ្យមបានសម្លាប់មនុស្ស ៥នាក់ ដែលស្នើនឹង ១៥០នាក់ក្នុង១ខែ ខណៈធ្វើឱ្យខាតបង់ថវិកាជាតិប្រមាណ ៤៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕











