ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

WWF ស្នើឱ្យមានវិធានការពង្រឹងអនុវត្តច្បាប់បន្ទាន់ក្នុងតំបន់ជម្រកសត្វផ្សោត ខណៈសត្វផ្សោត៣ក្បាលស្លាប់ត្រឹមរយៈពេល៧ថ្ងៃ

ក្រចេះ៖ ផ្សោតទឹកសាបមួយក្បាលទៀតរបស់កម្ពុជាប្រទះឃើញអណ្តែតស្លាប់ ដោយសារជាប់សន្ទូចរនង ដែលនេះជាសត្វផ្សោតទីបីហើយដែលបានស្លាប់ក្នុងចន្លោះរយៈពេលត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ ដែលជាការប្រកាសអាសន្នមួយតម្រូវឲ្យមានវិធានការខ្លាំងក្លាឡើងសម្រាប់ពង្រឹងការអនុវត្តច្បាប់ជាបន្ទាន់នៅក្នុងតំបន់ជម្រកសត្វផ្សោត។

នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ សត្វផ្សោតញីមួយក្បាល ប្រវែង១៩៦ សង់ទីម៉ែត្រ អាយុចន្លោះពី ៧ ទៅ ១០ ឆ្នាំ និងមានទម្ងន់ប្រហែល៩៣ គីឡូក្រាម ត្រូវបានគេប្រទះឃើញស្លាប់ អណ្ដែតទឹក នៅតំបន់កោះទ្រុង ចម្ងាយប្រមាណ ១០គីឡូម៉ែត្រ ប៉ែកខាងក្រោមអន្លង់កាំពី ក្នុងខេត្តក្រចេះ។

យោងតាមរបាយការណ៍របស់អង្គការ WWF-Cambodia ដែលចេញផ្សាយនាល្ងាចថ្ងៃទី២៥ ខែធ្នូបានឱ្យដឹងថាក្រោយការពិនិត្យសាកសពសត្វផ្សោត ក្រុមអ្នកជំនាញស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងអង្គការ WWF បានសន្និដ្ឋានជាបឋមថាសត្វផ្សោតមួយក្បាលនេះបានស្លាប់ក្រោយពីបានរមួលខ្លួនជាប់នឹងសន្ទូចរនង ដោយក្រុមស្រាវជ្រាវបានរកឃើញស្នាមសន្ទូចរនងជាច្រើនពេញដងខ្លួន និងកន្ទុយ។

នាយកអង្គការ WWF-កម្ពុជាលោក សេង ទៀក សោកស្តាយចំពោះការស្លាប់របស់សត្វផ្សោតវ័យបន្តពូជទាំងបីក្បាល ជាបន្តបន្ទាប់ក្នុងរយៈពេលមិនដល់១០ថ្ងៃ ដែលជាសារយ៉ាងច្បាស់មួយដល់អាជ្ញាធរទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ថានេះជាពេលចាំបាច់បំផុតហើយ ដើម្បីបង្កើនវត្តមានមន្ត្រីសម្រាប់ការពង្រឹងការអនុវត្តច្បាប់នៅក្នុងជម្រកសត្វផ្សោតសំខាន់ៗទាំងអស់ ខណៈការកើនឡើងនៃសកម្មភាពនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោតនាពេលថ្មីៗនឹងបណ្តាលឱ្យសត្វផ្សោតទន្លេមេគង្គឈានទៅផុតពូជ ប្រសិនបើគ្មានវិធានការបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះទេ។

លោកថា៖ «មិនមានជម្រើសផ្សេងទៀតទេ ក្រៅពីការអនុវត្តច្បាប់ដោយតឹងរ៉ឹង ជាបន្ទាន់ ដើម្បីបញ្ឈប់ទាំងស្រុងនូវសកម្មភាពខុសច្បាប់គ្រប់ទម្រង់នៅក្នុងតំបន់ដែលសត្វផ្សោតរស់នៅ»។

លោកបានបន្ថែមថា ដើម្បីអាចបញ្ឈប់សកម្មភាពទាំងនេះ មន្ត្រីឆ្មាំទន្លេ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់គួរតែមានវត្តមានរយៈពេល ២៤ ម៉ោងមួយថ្ងៃ ក្នុងសប្តាហ៍នីមួយៗឱ្យទៀងទាត់ ដោយចុះល្បាតទាំងថ្ងៃទាំងយប់នៅក្នុងតំបន់សត្វផ្សោត ហើយលើសពីការល្បាតត្រូវតែមានការដាក់ពិន័យឲ្យធ្ងន់ធ្ងរដល់ជនល្មើសដែលបានប្រព្រឹត្តការនេសាទខុសច្បាប់ ឬបទល្មើសនេសាទផ្សេងៗទៀតក្នុងតំបន់អភិរក្សសត្វផ្សោត សម្រាប់ជាការប្រមានដល់អ្នកនេសាទដទៃទៀតឲ្យបញ្ឈប់ការប្រព្រឹត្តសកម្មភាពខុសច្បាប់។

គួរឱ្យដឹងដែលថា សត្វផ្សោតសរុបចំនួន១១ក្បាល បានស្លាប់នៅក្នុងឆ្នាំ ២០២២ រីឯសត្វផ្សោតដែលបានស្លាប់ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ មានចំនួនសរុប ២៩ ក្បាល។ អង្គការ WWF-កម្ពុជា អំពាវនាវដល់អាជ្ញាធរទទួលខុសត្រូវ ពង្រឹងកំលាំងសម្រាប់ការអនុវត្តច្បាប់ជាបន្ទាន់ក្នុងការបង្កើនការល្បាតទាំងថ្ងៃ និងយប់ដើម្បីការពារសត្វផ្សោតដែលនៅសេសសល់ឲ្យជៀសផុតពីការស្លាប់ដោយសារការនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សសត្វផ្សោត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក