ភ្នំពេញ៖ អំណោយសប្បសធម៌របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានជំនួយការសម្ដេចតេជោលោក សេង ទៀង យកទៅគ្រួសារកូនភ្លោះបី គ្រួសារទី៣៩៣ និងគ្រួសារទី៣៩៤ នៅមជ្ឈមណ្ឌលគាំពារមាតា និងទារក និងមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នេះ។
ឯជំនួយការសម្ដេចតេជោ សេង ទៀង មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេលជាង ២៣ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឫបួននាក់ ចំនួន៣៩៣ និង៣៩៤គ្រួសាររួចហើយ បានទទួលអំណោយឧឧបត្ថម្ភសប្បរសធម៌ ពីនាយករដ្ឋមន្ត្រី និងភរិយាក្នុងការជួយទំនុកបំរុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។
លោកបានបញ្ចាក់ថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបំរើឲ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើត ចេញពីទឹកចិត្តជ្រះថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបីឬបួននាក់។
គ្រូសារដែលប្រសូតបានកូនភ្លោះ៣ ទាំងពីរទទួលបានក្នុង១គ្រួសារ ថវិកា ៥លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្កសរ ៥គីឡូក្រាម សារុង២ និងក្រម៉ា២។
គ្រួសារទី១ ប្រសូត្រនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ជាកូនលើកទី៣ មានប្រុស ២នាក់ ស្រីម្នាក់ ដែលមានឪពុកឈ្មោះ ផុន ពៀច អាយុ ៣៦ឆ្នាំ មុខរបរធ្វើស្រែ និងម្តាយឈ្មោះ ន្បុថ សាឡេម អាយុ ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅរស់នៅភូមិតាំងរលា ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។
ទារកភ្លោះទាំងបីនាក់គ្រួសារទី២ ប្រសូត្រនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ប្រុសទាំងបី ជាកូនលើកទី២ របស់ឪពុកឈ្មោះ យ៉ាវ យ៉ា អាយុ ៣២ឆ្នាំ មុខរបរកម្មករសំណង់ ម្តាយឈ្មោះ មី សុជាតា អាយុ ២៣ឆ្នាំ មុខរបរមេផ្ទះ។ អ្នកទាំងពីរមានទីលំនៅរស់នៅភូមិទួលដូនគាំ ឃុំកំពុងកុង ស្រុកកោះធំ ខេត្តកណ្តាល។
ដោយសារស្ថានភាពសុខភាពរបស់មាតា និងទារក មិនទាន់មានភាពល្អប្រសើរ ដោយសារកូនត្រូវរក្សាក្នុងកែវបំប៉នសុខភាព លោក សេង ទៀង បានធ្វើការផ្តាំផ្ញើជូនដល់ក្រុមគ្រួពេទ្យឯកទេស បន្តយកចិត្តទុកដាកតាមដានសុខភាពជូនដល់គ្រួសារកូនភ្លោះបីនាក់នោះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបន្តស្នាក់នៅថែទាំងសុខភាពក្នុងមន្ទីរពេទ្យឲ្យមានរយៈពេលយូរ មុនពេលចេញទៅកាន់លំដៅដ្ឋានវិញ។
លោកក៏បានផ្តាំផ្ញើដល់គ្រួសារកូនភ្លោះបី នាំយកអំណោយទាំងអស់នេះ ចិញ្ចឹមបីបាច់ និងខិតខំថែរក្សាកូនភ្លោះទាំងបីឲ្យមានសុខភាព និងមានអនាគតល្អទៅថ្ងៃខាងមុខ ក្នុងនោះលោកក៏បានផ្តាំផ្ញើដល់គ្រួសារកូនភ្លោះ និងប្រជាពលរដ្ឋជិតខាង ត្រូវបន្តប្រកាន់ខ្ជាប់នូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីឲ្យកម្ពុជាឈ្នះនិងជំងឺកូវីដ១៩ ទាំងអស់គ្នា ថែមទាំងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ជូនដល់គ្រួសារសំរាកសំរាលកូន នៅក្នុងបន្ទប់ជាមួយនិងគ្រួសារកូនភ្លោះបី ក្នុងមន្ទីរពេទ្យទាំងពីរនោះផងដែរ៕