អ៊ុយក្រែន៖ ភ្នាក់ងារផ្តលសេវាបន្ទាន់ចំនួន ៣រូបត្រូវបានស្លាប់ក្នុងអំឡុងពេលបំពេញមុខងាររបស់ខ្លួន នៅថ្ងៃសៅរ៍ម្សិលមិញនេះ អំឡុងពេលដែលពួកគេកំពុងបំពេញភារកិច្ចដោះមីន ហើយមីនបានផ្ទុះឡើងបណ្តាលឱ្យមានហេតុការណ៍អកុសលនេះតែម្តង។ ហេតុការណ័គ្រាប់មីនផ្ទុះបណ្តាលឱ្យស្លាប់មនុស្សនេះស្ថិតនៅតំបន់ Kherson ខណៈព័ត៌មាននេះត្រូវបានឱ្យដឹងដោយមន្រ្តីផ្នែកសេវាបន្ទាន់នៅតំបន់ផ្សេងទៀត។
ភ្នាក់ងារសេវាបន្ទាន់តំបន់ Zhytomyr បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖ "ជនរងគ្រោះទាំងបីនាក់ជាអ្នកបម្រើការងារនៅក្នុងអង្គភាពសង្រ្គោះ និងជំនួយបន្ទាន់ នៃអង្គភាពពិសេសរបស់រដ្ឋនៅក្នុងតំបន់ Zhytomyr ហើយបានបំពេញភារកិច្ចដោះមីនរំដោះទឹកដីពីសត្រូវនៅក្នុងតំបន់ Kherson ។ តំបន់ Zhytomyr ស្ថិតនៅភាគខាងលិចនៃរដ្ខធានី គៀវ និងស្ថិតនៅភាគខាងជើងនៃប្រទេសអ៊ុយក្រែន។
រុស្សីដែលបានចូលលុកលុយទៅលើប្រទេសអ៊ុយក្រែនរយៈពេលជាង ១០ខែកន្លងទៅ បានគ្រប់គ្រងស្ទើរតែទាំងស្រុងទៅលើតំបន់ Kherson ខណៈកាលពីពាក់កណ្តាលខែវិច្ឆិកាកងកម្លាំងអ៊ុយក្រែនបានវាយយកតំបន់នេះមកគ្រប់គ្រងវិញ។ គួរឱ្យដឹងថា ទីក្រុង Kherson ក៏ជាតំបន់រដ្ឋបាលសំខាន់មួយរបស់អ៊ុយក្រែនផងដែរ។
អ្នកជំនាញផ្នែកគ្រឿងផ្ទុះរបស់អ៊ុយក្រែនបានចូលទៅបំពេញការងារនៅទីនោះចាប់តាំងពីពេលដែលរំដោះបានមកវិញ ខណៈលោកប្រធានាធិបតី Volodymyr Zelenskiyy និយាយថា កងកម្លាំងរុស្សីបានដាក់បង្កប់មីននៅតាមអគារជាច្រើន និងទីតាំងផ្សេងទៀតដែលរុស្សីដណ្តើមយកទៅ ក៏មានការដាក់បង្កប់មីនជាច្រើនផងដែរ។
អង្គភាពរដ្ឋាភិបាលអាមេរិកបានធ្វើការវាយតម្លៃកាលពីដើមខែធ្នូនេះថា ផ្ទៃដីរបស់អ៊ុយក្រែនយ៉ាងហោចណាស់ ១៦០,០០០គីឡូម៉ែត្រក្រឡា នឹងត្រូវធ្វើការស្វែងរក និងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ ដែលទំហំនេះស្ទើរតែស្មើនឹងពាក់កណ្តាលនៃផ្ទៃដីអាល្លឺម៉ង់ទៅហើយ។
កាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលអ៊ុយក្រែនបានអះអាងថាមានការវាយប្រហារមួយដោយកងកម្លាំងរុស្សី និងបានសម្លាប់មនុស្សយ៉ាងហោច ១០នាក់នៅទីក្រុង Kherson ខណៈដែលរុស្សីបានច្រានចោល និងចោទប្រកាន់មកលើកម្លាំងអ៊ុយក្រែនផ្ទាល់ជាអ្នកទទួលខុសត្រូវការវាយប្រហារនេះ៕