កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានវាយកូនហ្គោលបើកការប្រកួតកីឡាវាយកូនហ្គោលពានរង្វាន់សម្ដេចតេជោលើកទី៦ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នៅទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីសត។
ការប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់របស់សម្តេចតេជោ ត្រូវបានធ្វើឡើង ដើម្បីអបអរសាទរការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលឆ្នាំ២០២២នេះ មានរយៈពេល ២៤ឆ្នាំហើយ។
ការប្រកួតនៅឆ្នាំនេះ មានការអញ្ជើញចូលរួមពីកីឡាករជាតិ-អន្តរជាតិ សរុបប្រមាណ ១៧៤រូប។ ការប្រកួតនេះ មានការប្រកួតជាក្រុម និងការប្រកួតជាឯកត្តជនផ្នែកបុរស និងនារី។ ការប្រកួតជាក្រុមមានកីឡាករសរុប ១០២រូប ប្រកួតឯកត្តជនជាបុរសមានចំនួន ៥២រូប និងប្រកួតឯកត្តជនជានារីមាន ២០រូប។ ការប្រកួតនេះនឹងធ្វើឡើងពេញមួយព្រឹក ហើយនៅពេលរសៀលនឹងមាន ពិធីប្រគល់ពានរង្វាន់ដល់កីឡាករជយលាភី រួមជាមួយការពិសារអាហាសាមគ្គីផងដែរ៕