
រាជរដ្ឋាភិបាលសម្រេចបង្កើត «ក្រុងអរិយក្សត្រ» ដោយកាត់យកឃុំ១១នៃស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម
កណ្តាល៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រេចបង្កើតក្រុងថ្មីគឺ «ក្រុងអរិយក្សត្រ» ដោយកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ ពីស្រុកល្វាឯម ខេត្តកណ្តាល។
ឃុំចំនួន៦នៃស្រុកខ្សាច់កណ្តាលដែលត្រូវកាត់ចេញទៅជាក្រុងអរិយក្សត្រគឺមាន ឃុំបាក់ដាវ ឃុំកោះឧកញ៉ាតី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ។ ឃុំចំនួន៥នៃស្រុកល្វាឯមក៏ត្រូវកាត់ទៅឱ្យក្រុងអរិយក្សត្រផងដែរ គឺឃុំអរិយក្សត្រ ឃុំសារិកាកែវ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារុង។
បើតាមអនុក្រឹត្យ ក្រុងអរិយក្សត្រ នឹងក្លាយជាក្រុងទី២នៃខេត្តកណ្តាល បន្ទាប់ពីក្រុងតាខ្មៅ។ ក្រុងអរិយក្សត្រមានសង្កាត់ចំនួន១១ គឺសង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ សម្រាប់ទីតាំងរដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ៕