អាមេរិក៖ ជើងហោះហើរចំនួនជាង ៤,៤០០ ត្រូវបានលុបចោលក្នុងរយៈពេលត្រឹម ២ថ្ងៃប៉ុណ្ណោះ ក្រោយពីព្យុះព្រិលដ៏ខ្លាំងក្លាមួយបានបោកបក់មកលើសហរដ្ឋអាមេរិក។ ខ្យល់ព្យុះដ៏មានឥទ្ធិពលនេះបានធ្វើឱ្យក្រុមហ៊ុនជើងហោះហើរ និងរថភ្លើងដឹកជញ្ជូនអ្នកដំណើរជាច្រើនបង្ខំចិត្តផ្អាក និងលុបចោលក្នុងអំឡុងពេលដែលតម្រូវការកើនឡើងនារដូវកាលបុណ្យឈប់សំរាកដ៏ធំនេះ។
ចំនួនជើងហោះហើរច្រើនជាង ២,៣៥០ ត្រូវបបានលុបចោលកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ និងនៅថ្ងៃសុក្រនេះមានចំនួនជាង ២,១២០ផ្សេងទៀតត្រូវបានលុបចោល នេះបើយោងតាមគេហទំព័រតាមដានជើងហោះហើរ FlightAware ខណៈការធ្វើដំណើរតាមផ្លូវដែកវិញក៏រងផលប៉ះពាល់ដូចគ្នា បើតាមគេហទំព័រ Amtrak ដែលបានបញ្ជាក់អំពីការផ្អាកដំណើរការខ្សែរថភ្លើងជាច្រើនខ្សែ ដែលបង្កការលំបាកនារដូវកាលឈប់សំរាក Christmas របស់អ្នកដំណើររាប់ម៉ឺននាក់។
គួរឱ្យដឹងថា ក្រៅពីការលុបចោលជើងហោះហើរចំនួនជាង ២,៣៥០ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងនោះក៏មានជើងហោះហើរចំនួន ៨,៤៥០ បានប្រកាសពន្យារពេលហោះហើរ ដែលក្នុងនោះស្ទើរតែពាក់កណ្តាលជាជើងហោះហើររបស់អាមេរិក ដែលរួមមាន American Airlines, United Airlines និង Southwest Airlines។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ព្យុះរដូវរងារកំពុងនាំមកនូវព្យុះកំបុតត្បូងទៅកាន់តំបន់ Midwest ដោយមានការរំខានដល់ការធ្វើដំណើរយ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុង Chicago, Detroit និង Minneapolis-St Paul។
ក្រៅពីជើងហោះហើររាប់ពាន់ដែលត្រូវបានពន្យារពេល និងលុបចោល ការធ្វើដំណើរតាមផ្លូវដែកក៏ត្រូវបានរំខានផងដែរ ពោលបើតាម Amtrak បានបញ្ជាក់ថា កាលវិភាគរថភ្លើងក្នុងតំបន់ Midwest រាប់សិបជើងត្រូវបានលុបចោល ពោលរួមមានជើងរថភ្លើងក្នុងរដ្ឋ Michigan, Illinois និង Missouri ខ្សែរថភ្លើងរវាងទីក្រុង New York និងទីក្រុង Chicago។
កាលពីឆ្នាំមុន ជើងហោះហើររាប់ពាន់ក៏ត្រូវបានលុបចោលផងដែរ ប៉ុន្តែដោយសារការផ្ទុះឡើងនូវវីរុសកូវីដ-១៩ ខណៈការធ្វើដំណើរត្រូវបានគេកត់សម្គាល់ថាមានប្រមាណជា ១៦លាននាក់មុនពេលផ្ទុះឡើងនៃវីរុសកូវីដ-១៩ និងកាលពីសប្តាហ៍មុនក៏៏មានចំនួនប្រហាក់ប្រហែល ១៦លាននាក់ដូចគ្នា៕