ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ផ្សោតទឹកសាបស្លាប់មួយក្បាលទៀតហើយនៅខេត្តក្រចេះ

ក្រចេះ៖ ផ្សោតទឹកសាបមួយក្បាលទៀតរបស់កម្ពុជាបានរកឃើញថាស្លាប់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដោយសារជាប់មកអ្នកនេសាទ។ ត្រឹមរយៈពេល១ខែមានផ្សោតទឹកសាបស្លាប់ចំនួន២ក្បាលហើយ ដែលបង្កជាក្ដីបារម្ភជាខ្លាំងដល់ចំនួនត្រីផ្សោតនៅកម្ពុជា។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិ (AKP) ផ្សោតដែលស្លាប់ថ្មីនេះត្រូវបានរកឃើញអណ្តែតទឹកនៅទីតាំងក្បាលកោះទ្រុង ទល់មុខទីរួមខេត្តក្រចេះ ដោយកម្មករម្នាក់ដែលធ្វើការងារនៅផែលើ ក្នុងទីរួមខេត្តក្រចេះ។

អនុប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល លោក ផៃ សុម៉ានី បានសំដែងនូវការសោកស្ដាយចំពោះការបាត់បង់នេះ ខណៈបង្ហាញការបារម្ភចំពោះចំនួនផ្សោតទន្លេមេគង្គបន្ទាប់ពីស្លាប់កាន់តែច្រើនទៅ។

បន្ទាប់ពីការពិនិត្យរបស់ក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF លើសំណាកសពសត្វផ្សោតនេះ បានឱ្យដឹងថា សត្វផ្សោតដែលស្លាប់មួយក្បាលនេះ គឺជាសត្វផ្សោតដែលរស់នៅក្នុងអន្លង់កាំពី និងជាផ្សោតដែលទើបវិវត្តពីកូនផ្សោតទៅជាសត្វផ្សោតវ័យជំទង់ (ទម្រង់នៃព្រុយខ្នងមិនទាន់មានស្នាមឆែកនៅឡើយ)។

សត្វផ្សោតនេះមានអាយុចន្លោះពី ៧ឆ្នាំ ទៅ ១០ឆ្នាំប៉ុណ្ណោះ មានភេទញី ប្រវែង ១៩៣សម និងមានទម្ងន់ ៨៥គីឡូក្រាម។ ផ្សោតនេះបានស្លាប់ អាស្រ័យដោយជាប់ទៅនឹងមងនេសាទ ពីព្រោះអ្នកនេសាទមួយចំនួននៅតែលួចដាក់មង និងប្រើគ្រឿងឆក់នៅក្នុងអន្លង់សត្វផ្សោតនាពេលយប់។

ក្នុងនាមជាមន្ត្រីទទួលបន្ទុកការងារអភិរក្ស លោក ផៃ សុម៉ានី បានសម្តែងនូវក្តីបារម្ភកាន់តែខ្លាំង ជាពិសេសនេះគឺការរកឃើញផ្សោតស្លាប់ចំនួន ២ក្បាលហើយក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង ហើយដែលបណ្តាលមកពីមងអ្នកនេសាទទាំងអស់។

លោកក៏បានអំពាវនាវដល់ប្រជានេសាទទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពនេសាទដោយប្រើមង និងឧបករណ៍ឆក់ ពីព្រោះឧបករណ៍នេសាទទាំងនេះបាននិងកំពុងសម្លាប់សត្វផ្សោតជាបន្តបន្ទាប់។ ជាក់ស្តែង សត្វផ្សោតសរុបចំនួន ១០ក្បាល បានស្លាប់ក្នុងឆ្នាំ២០២២ នេះបើគិតទាំងលើកនេះផង។ ជាមួយគ្នានេះ ប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តសកម្មភាពការពារ និងអភិរក្សសត្វផ្សោត និងជីវចម្រុះជលផលទន្លេមេគង្គ ដោយរាយការណ៍អំពីអត្តសញ្ញាណនៃជនល្មើសខុសច្បាប់ជូនដល់មន្ត្រីនៃខណ្ឌរដ្ឋបាលជលផល អាជ្ញាធរស្រុក ឃុំ និងភូមិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាប់ជនល្មើសបំផ្លាញរតនសម្បត្តិមានជីវិតរបស់ជាតិយើង យកទៅផ្តន្ទាទោស។ ការចូលរួមអនុវត្តសកម្មភាពខាងលើនេះ របស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមអនុវត្តសកម្មភាពដ៏សំខាន់ដើម្បីរួមចំណែកដល់ការស្តារឡើងវិញនូវចំនួនសត្វផ្សោតទន្លេមេគង្គ ដែលជាប្រភពនៃចំណូលសហគមន៍តាមរយៈវិស័យទេសចរណ៍ ព្រមទាំងជួយដល់ការបង្កើនផលស្តុកត្រីក្នុងធម្មជាតិសម្រាប់យើងទាំងអស់គ្នានាពេលបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយ។

សូមរម្លឹកផងដែរថា ក្នុងអំឡុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ សត្វផ្សោតដែលបានស្លាប់មានចំនួនរហូតដល់ ២៨ក្បាល ក្នុងចន្លោះពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ (គិតត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២)។

ផ្សោតទន្លេមេគង្គ (Irrawaddy Dolphin) មានឈ្មោះវិទ្យាសាស្រ្ត Orcaella brevirostris ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វទទួលរងការគំរាមកំហែងជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិសម្រាប់អភិរក្សធម្មជាតិ ដែលហៅកាត់ថា IUCN ក្នុងឆ្នាំ២០០៤ (Smith & Beasley, 2004) និងជាប្រភេទសត្វជលផលកំពុងរងគ្រោះថ្នាក់មួយប្រភេទក្នុងចំណោមសត្វជលផលកំពុងរងគ្រោះថ្នាក់សរុបចំនួន ៥៨ប្រភេទ ដែលមានកំណត់ក្នុងអនុក្រឹត្យស្តីពី “ការកំណត់ប្រភេទផល និងផលិតផលជលផលកំពុងរងគ្រោះថ្នាក់” លេខ១២៣ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩។ ក្រៅពីនេះ ផ្សោតទន្លេមេគង្គត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ I នៃអនុសញ្ញាស្តីពី “ការធ្វើពាណិជ្ជកម្មលើប្រភេទសត្វ និងរុក្ខជាតិកំពុងទទួលរងគ្រោះថ្នាក់” ដែលហៅកាត់ថា CITES (Convention on International Trade in Endangered Species of Wild Fauna and Flora)។

នៅក្នុងឆ្នាំ២០២២ នេះផងដែរ រដ្ឋបាលជលផល និងអង្គការ WWF ក៏បានកត់ត្រានូវចំនួនកូនផ្សោតកើតថ្មី ចំនួន ៦ក្បាល ក្នុងកម្រិតគួរឱ្យជឿជាក់បាន ប៉ុន្តែមិនមែនមានន័យថា នៅក្នុងឆ្នាំ២០២២ យើងមានកូនផ្សោតកើតថ្មីតែ៦ក្បាលនេះទេ ដោយមូលហេតុក្រុមការងារចុះតាមដាន និងកត់ត្រាចំនួនកូនផ្សោត ក្នុងរយៈពេលពី ៨ថ្ងៃ ទៅ ១០ថ្ងៃប៉ុណ្ណោះក្នុងមួយខែ ដោយហេតុនេះហើយក្នុងចន្លោះរយៈពេល២០ថ្ងៃដែលក្រុមការងារពុំបានចុះនោះ អាចមានការកើតកូនផ្សោតថ្មី និងអាចខកខានមិនបានកត់ត្រាវត្តមានកូនផ្សោតផ្សេងទៀត។ ហេតុដូច្នេះ ក្រុមស្រាវជ្រាវអាចសន្និដ្ឋានបានថាចំនួនកូនផ្សោតកើតថ្មីអាចមានពី៩ ទៅ ១០ក្បាល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក