ព្រះសីហនុ៖ អាជ្ញាធរកំពុងតែស្វែងរក និងតាមចាប់ស្វាដែលដេញខាំពលរដ្ឋមួយចំនួនឱ្យរងរបួសនៅត្រង់ចំណុចឆ្នេរប្រាសាទ ក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
តាមរបាយការណ៍របស់នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុង កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មានពលរដ្ឋវ័យ៤២ឆ្នាំម្នាក់ដែលជាអ្នកលក់ដូរនៅតាមឆ្នេរប្រាសាទត្រូវបានស្វាខាំឱ្យរបួស។ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ក៏មានករណីនេះម្តងទៀតទៅលើជនរងគ្រោះម្នាក់ដែលជាអ្នករត់តាក់ស៊ី ហើយកាលពីថ្ងៃទី២២ ក៏បន្តខាំលើក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់ទៀតឱ្យរបួសត្រង់ជើង។
អភិបាលក្រុងកោះរ៉ុង លោក នួន ប៊ុនថុល បានបញ្ជាក់ថាប្រាប់ EAC News ឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់នោះត្រូវបានអាជ្ញាធរនាំទៅចាក់ថ្នាំបង្ការ (ចាក់ថ្នាំតេតាណូស) រួចហើយ។
បើតាមអភិបាលក្រុងកោះរ៉ុង ប្រហែលជាមានសត្វស្វាចំនួន៣ ទៅ៤ក្បាលដែលបច្ចុប្បន្នអាជ្ញាធរកំពុងតែស្វែងរក និងតាមចាប់ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។ លោកគូសបញ្ជាក់ថា សត្វស្វាទាំងនោះ គឺប្រភេទសត្វដែលរស់នៅក្នុងព្រៃ៕