ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រាជរដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចលើជនបរទេសដែលធ្វើការនៅកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេសនាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ដោយមានរដ្ឋមន្ត្រីការងារ លោក អ៉ិត សំហេង ជាប្រធាន។

តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដែលទើបតែចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានតែងតាំង លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ជាអនុប្រធានទី១ និងតែងតាំងអនុប្រធានចំនួន ៦រូបទៀត គឺលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ក្រៅពីនោះក៏មានសមាជិកជាមន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីក្រសួងការងារចំនួន ១២នាក់ទៀតជា គឺលោក នៅ លក្ខណា លោក ប្រាក់ សំអឿន លោក គៀត ច័ន្ទថារិទ្ធ លោក សេង សក្តា លោក កែវ វណ្ណថន លោក ឌី វិជ្ជា លោក សុវណ្ណា ពិសាខា លោក សួង សង្វាវុទ្ធី លោក ជួប ណារ៉ាត់ លោក ហាស់ សុត្ថា ស្នងការដ្ឋានគរបាលរាជធានី-ខេត្ត និងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត។

គណៈកម្មការអន្ដរក្រសួងត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសនៅកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដើម្បីជំរុញការងារអធិការកិច្ចហត្ថពលកម្មបរទេស និងផ្សព្វផ្សាយគោលការណ៍ វិធានការពាក់ព័ន្ធនៅតាមសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកម្សាន្តនានា។ ជាពិសេសដើម្បីបង្រ្កាបការជួញដូរមនុស្សគ្រប់ទម្រង់ ការជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងកម្ពុជា។

ប្រធាន និងសមាជិកទាំងអស់មានតួនាទីក្នុងការជំរុញការងារអធិការកិច្ចហត្ថពលកម្មបទេសនៅតាមសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកម្សាន្តនានា ដើម្បីគាំទ្រដល់ផែនការប្រតិបត្តិការបង្កើនការងារប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ជាមួយគ្នានេះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនៅតាមសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកម្សាន្តនានា ក្នុងករណីរកឃើញបទល្មើសពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ ឬការឆបោកតាមប្រព័ន្ធអនឡាញ ឬការជួញដូរមនុស្ស ការជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ឬបទល្មើសសម្អាតប្រាក់ ឬបទល្មើសផ្សេងៗទៀត ត្រូវដឹកនាំណែនាំចាត់វិធានការ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ទន្ទឹមនេះផ្សព្វផ្សាយគោលការណ៍ វិធានការពាក់ព័ន្ធការងារអធិការកិច្ចហត្ថពលកម្មបរទេសដល់ម្ចាស់ឬ នាយកសហគ្រាស គ្រឹះស្ថាន កាស៊ីណូ និងក្លឹបកម្សាន្តនានាឱ្យបានយល់ជ្រួតជ្រាប និងចូលរួម អនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការអន្ដរក្រសួង ជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស លោក សក់ សេដ្ឋា បានគូសបញ្ជាក់ថា ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មការអន្តរក្រសួងនេះ អាចមានសិទ្ធិចាត់ចែងប្រើប្រាស់មន្ដ្រីក្រោមឱវាទឱ្យចូលរួមបំពេញការងារតាមការចាំបាច់៕

(រូបភាព GDI)



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក