ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរថ្កោលទោសទង្វើអសីលធម៌របស់លោក នី ណាក់ ដែលប្រមាថដល់មន្ត្រីនគរបាលពាក់ព័ន្ធនឹងការបង្រ្កាបគ្រឿងញៀន

ភ្នំពេញ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានចេញសេចក្តីប្រកាសថ្កោលទោសចំពោះទង្វើអសីលធម៌របស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ IMan-KH ដែលស្គាល់ថាជា លោក នី ណាក់ ដែលបានបង្ហោះសារប្រមាថ មួលបង្កាច់យ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងនគរបាលជាតិក្នុងការបង្រ្កាប និងដុតបំផ្លាញសារធាតុញៀន ថាជាសារធាតុផ្សំផ្សេងៗទៅវិញ ហើយថែមទាំងចោទមកមន្ត្រីនគរបាលថាជាមេក្លោងនៃអំពើជួញដូរគ្រឿងញៀន។

អ្នកនាំពាក្យអគ្គស្នងការបានចេញមកប្រតិកម្មនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ក្រោយពីបានឃើញការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ IMan-KH កាលពីប៉ុន្មានថ្ងៃមុន ដោយបានចោទប្រកាន់មកលើអាជ្ញាធរបង្រ្កាបបានគ្រឿងញៀន ប៉ុន្តែមិនបានដុតគ្រឿងញៀនទាំងនោះឡើយ ពោលបន្លំយកសារធាតុផ្សេងៗមកដុតវិញ។ ជាមួយគ្នានេះលោក ណាក់ ក៏បានចោទប្រកាន់ថា ប៉ូលិសគឺជាមេក្លោង និងឧក្រិដ្ឋជនជួញដូរថ្នាំញៀន។

អគ្គស្នងការចាត់ទុកខ្លឹមសារបង្ហោះរបស់ លោក នី ណាក់ នេះគឺជាចេតនាក្នុងការវាយប្រហារ បំផ្លាញ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ក្នុងគោកបំណង ចង់លាបពណ៌ ញុះញង់ ធ្វើឱ្យ សាធារណជនមានការភន្ត័ច្រឡំ អស់ជំនឿ បាត់បង់ភាពកក់ក្តៅ និងរើសអើងចំពោះកងកម្លាំងនគរបាលជាតិ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន EAC តាមតេឡេក្រាមថា លោកក៏មិនអាចទទួលយកបានឡើយនូវការបង្ហោះរបស់លោក នី ណាក់។ លោកនិយាយថា៖ «បើយើងគិតពីកត្តាច្បាប់ មើលចំណុចអស់ហ្នឹង គឺជាចំណុចមួយដែលអាចធ្វើការតាមផ្លូវច្បាប់បានផងដែរ។ ការចុះរបស់គាត់នេះគឺធ្វើឱ្យមានការប៉ះពាល់ខ្លាំងដល់កិត្តិយស និងសេចក្តីថ្លៃថ្លូររបស់កងកម្លំាងនគរបាលជាតិទាំងមូល»។

អគ្គស្នងការបានទាមទារឱ្យបុគ្គលរូបនោះចេញមុខសុំទោសជាសាធារណៈនូវរាល់កំហុសឆ្លងដែលបានប្រមាថដល់កិត្តិយសដ៏ថ្លៃថ្លូរបស់កងកម្លាំងនគរបាលជាតិ។

លោក នី ណាក់ ទំនងជាទទួលបានសេចក្តីប្រកាសរបស់អ្នកនាំពាក្យអគ្គស្នងការហើយ ប៉ុន្តែលោកហាក់ បីជាមិនទទួលស្គាល់កំហុស ហើយថែមទៀតបង្ហោះសារឌឺដល់សមត្ថកិច្ចថែមទៀត។ លោកបានបង្ហោះសារនារសៀលថ្ងៃទី២២ ខែធ្នូថា៖ «មានអីនិយាយក៏និយាយមក បងណាក់ជិតចូលគុកវិញហើយណាអលណប់។ បងណាក់និយាយពីគ្រឿងញៀនថ្ងៃមុនរង្គើដល់ស្ថានសួគ៌ហើយ។ កុំភ្លេចយកបាយអោយបងណាក់ញ៉ាំផង»។

ពាក់ព័ន្ធនឹងកិច្ចការចុះបង្រ្កាប និងដុតគ្រឿងញៀនដែលបង្រ្កាបបាន អ្នកនាំពាក្យអគ្គស្នងការបានអះអាងថា សារធាតុញៀន ដែលចាប់យកបានក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន សុទ្ធតែបានធ្វើកោសល្យវិច្ឆ័យបច្ចេកទេស រក្សាទុកយ៉ាងត្រឹមត្រូវ ដើម្បីដាក់បន្ទុក និងផ្តន្ទាទោសជនល្មើសតាមច្បាប់។

ចំពោះការដុតបំផ្លាញសារធាតុញៀន អាជ្ញាធរអនុវត្តទៅតាមនីតិវិធីដោយមានសេចក្តីសម្រេចសាលក្រម សាលដីការបស់តុលាការ និងមានក្រុមការងារមកពីអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ដែលមានព្រះរាជអាជ្ញារាជធានី-ខេត្ត ជាប្រធាន។ អ្នកនាំពាក្យបានបញ្ជាក់ថា មុនពេលដុតបំផ្លាញ ត្រូវមានគណៈកម្មការចម្រុះ ត្រួតពិនិត្យការដឹកជញ្ជូន និងការដុតបំផ្លាញយ៉ាងហ្មត់ចត់រហូតដល់ចប់សព្វគ្រប់ ដោយគ្មានជនណាម្នាក់អាច លួចលាក់យកគ្រឿងញៀនទាំងនោះបានឡើយ។

បើតាមអ្នកនាំពាក្យ ការដុតបំផ្លាញសារធាតុញៀន ភាគច្រើនអនុវត្តរៀងរាល់ឆ្នាំក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន ដោយបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមគ្រប់ប្រព័ន្ធព័ត៌មានទៀតផង។

សូមរំលឹកថា លោក នី ណាក់ ធ្លាប់ត្រូវតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន ១៨ខែ ពីបទ «ជេរប្រមាថជាសាធារណៈ និងញុះញង់អោយមានការរើសអើង» តាមមាត្រា៣០៧ មាត្រា៤៩៤ និង មាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ក្រោយពីលោកបានបង្ហោះខ្លឹមសារញុះញង់ឱ្យទិញម៉ាស់ពាក់ឱ្យកូនមាន់ និងបញ្ជាឱ្យដាក់មាន់នៅក្នុងទ្រុងដោយមិនឱ្យចេញពីទ្រុងដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ-១៩ ខណៈកម្ពុជានិងពិភពលោកកំពុងតែរាតត្បាត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក