ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរដល់កុមារា ឈ្មោះ ហ៊ឺ ទៀងគីមហុង អាយុ ១៣ឆ្នាំ ដែលបានប្រឡងជាប់និទ្ទេស C ក្នុងសម័យប្រឡងបាក់ឌុបថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២។
សម្តេចបានបង្ហោះសារអបអរចំពោះកុមារា គីម ហុង នៅក្នុងហ្វេសប៊ុកផ្លូវការដូច្នេះថា៖ «តាសូមចូលរួមអបអរសាទរដល់ចៅ គីមហុង ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ដោយទទួលបាននិទ្ទេស “C”។ តាសប្បាយរីករាយនិងមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ចៅ»។
សម្តេចតេជោ មិនត្រឹមតែចូលរួមអបអរសាទរចំពោះ គីម ហុង ប៉ុណ្ណោះទេ សម្តេចថែមទាំងបានរៀបរាប់ពីប្រវតិ្តរូបរបស់កុមារានោះ និងកោតសរសើរដល់ភាពវៃឆ្លាតរបស់ គីម ហុង ដែលចេះអាន ចេះសរសេរ និយាយភាសាអង់គ្លេសបានយ៉ាងល្អ ចេះធ្វើលំហាត់គណិតវិទ្យាថ្នាក់ទី៤ដល់ថ្នាក់ទី៧ ព្រមទាំងចេះស្រាវជ្រាវ និងពិសោធន៍ដោយមើលតាម Internet និងYoutube ព្រមទាំងចេះអានអក្សរ ពាក្យរាជសព្ទ បាលីសំស្រឹ្កតនៅអាយុ ២ឆ្នាំ។
សម្តេចតេជោបានរំលឹកពេលដែលសម្តេចបានជួប កុមារា គីម ហុង ដំបូងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ដោយសម្តេចបានឱ្យកុមារានោះធ្វើតេស្តគណិតវិទ្យា និងវិធីស្រាវជ្រាវវាស់ទីតាំងភូមិសាស្រ្តផែនទីនៅលើ Google map និងឲ្យនិយាយអង់គ្លេសជាមួយចៅស្រីរបស់សម្តេច។
ដោយសារតែឃើញពីសមត្ថភាពខ្ពស់របស់កុមារា គីម ហុង សម្តេចបានផ្តល់អំណោយផ្ទះមួយខ្នងនៅស្ទឹងមានជ័យដើម្បីឱ្យ គីមហុង មានឱកាសបន្តការសិក្សានៅភ្នំពេញ រួមទាំងឧបត្ថម្ភប្រាក់ប្រចាំឆ្នាំមួយចំនួនផងដែរ។
សម្តេចបានកោតសរសើរ កុមារា គីម ហុងដូច្នេះថា៖ «តាមការជួបធ្វើតេស្តដោយផ្ទាល់ជាមួយ គីមហុង រហូតបានប្រឡងជាប់បាក់ឌុបនៅអាយុ ១៣ឆ្នាំ ៣ខែ ៦ថ្ងៃ ខ្ញុំអាចនិយាយបានថា ចៅគីម ហុង ជាមនុស្សទេព។ លើលោកនេះប្រហែលមិនមានមនុស្សពិសេសបែបនេះច្រើននាក់ទេ។ គីម ហុង មានសមត្ថភាពច្រើនជាងខ្ញុំលើការប្រើកុំព្យួទ័រ និងភាសាអង់គ្លេស នេះជាការពិតមួយដែលខ្ញុំត្រូវតែទទួលយក។ លើសមត្ថភាពពិសេសនេះ យើងអាចធ្វើការប៉ាន់ស្មានវាយតម្លៃថាបើ គីមហុង ចូលសាកលវិទ្យាល័យនៅអាយុ ១៣ឆ្នាំ គឺបញ្ចប់បរិញ្ញាបត្រនៅអាយុ ១៧ឆ្នាំ»៕