សហរដ្ឋអាមេរិក៖ ព្រឹទ្ធសភាអាមេរិក បានបញ្ជាក់ពីការតែងតាំងមន្រ្តីការបរទេសលោកស្រី Lynne Tracy ដែលអាចនិយាយភាសារុស្សីបាន ធ្វើជាឯកអគ្គរដ្ឋទូតថ្មីប្រចាំរុស្សី ដែលនឹងបំពេញចន្លោះដែលនៅទំនេររយៈពេលជាង ៣ខែ ក្រោយពីភាពតានតឹងដែលបានកើតមានឡើងដោយសារសង្គ្រាមរវាងរុស្សី ជាមួយអ៊ុយក្រែន។
សមាជិកសភាបានបោះឆ្នោតជ្រើសរើសក្នុងសំឡេងឯកភាព ៩៣ ទល់នឹង ២ ជ្រើសតាំងលោកស្រី Lynne Tracy ដែលបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសអាមេនី និងឯកអគ្គរដ្ឋទូតបម្រុងទី១ នៅស្ថានទូតប្រចាំទីក្រុងម៉ូស្គូ ទៅជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំប្រទេសរុស្សីដែលជាស្រ្តីដំបូងគេបង្អស់ត្រូវបានតែងតាំងក្នុងតំណែងជាកូនសោរនៃកិច្ចការការទូតប្រទេសទាំងពីរ។
ការបញ្ជាក់ពីលទ្ធផលបោះឆ្នោតនេះបានធ្វើឡើងនៅរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលដែលវត្តមានរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិក ក្នុងជំនួបជាមួយលោកប្រធានាធិបតី Joe Biden ដែលជាជំនួបលើកដំបូងបង្អស់ចាប់តាំងពីរុស្សីឈ្លានពានលើអ៊ុយក្រែនកាលពីខែកុម្ភៈកន្លងទៅ។
លោកស្រី Lynne Tracy នឹងត្រូវជំនួសតំណែងលោក John Sullivan ដែលលោកជាមន្រ្តីម្នាក់ ក្នុងចំណោមមន្រ្តីតិចតួចដែលត្រូវបានតែងតាំងដោយលោក Donald Trump ហើយនៅតែបន្តធ្វើការងារក្រោមតំណែងរបស់លោក Joe Biden ជាបន្ត។ លោក John Sullivan ត្រូវបានគេដឹងថាជាអ្នកការទូតឆ្នើមមួយរូបដែលអាចរក្សាភាពនឹងធឹងក្នុងទំនាក់ទំនងដ៏ស្មុគស្មាញរវាងសហរដ្ឋអាមេរិក ជាមួយរុស្សី។
លោក Sullivan បានប្រកាសលាលែងពីតំណែងកាលពីខែកញ្ញាកន្លងទៅ ក្រោយពេលដែលភរិយារបស់លោកគឺលោកស្រី Grace Rodriguez ធ្លាក់ខ្លួនឈឺ និងបានទទួលមរណភាពដោយសារជម្ងឺមហារីក ក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយការលាលែងពីតំណែងរបស់លោក។
គួរបញ្ជាក់ថា លោកស្រី Tracy គឺជាអ្នកការទូតចំណានម្នាក់របស់អាមេរិក ដែលធ្លាប់បំពេញកិច្ចការងារនៅប្រទេសអតីតសហភាពសូវៀតមួយចំនួនដូចជា សាធារណរដ្ឋហ្សកហ្សី, កាហ្សាក់ស្ថាន, គៀរជីគីស្ថាន និងតួកមេនីស្ថាន ជាដើម។ លោកស្រីក៏ធ្លាប់ជាអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩ នៅទីក្រុង Peshawar ប្រទេសប៉ាគីស្ថាន ជាកន្លែងដែលនាងរួចជីវិតពីការវាយប្រហារដោយខ្មាន់កាំភ្លើងលើរថយន្តផ្លូវការរបស់ស្ថានទូត៕