ស្វីស៖ សមាគមបាល់ទាត់អឺរ៉ុប (UEFA) កំពុងមានការខកចិត្តយ៉ាងខ្លាំងចំពោះការពន្យារពេលម្តងហើយម្តងទៀត ក្នុងធានាការចូលរួមដេញថ្លៃរបស់អង់គ្លេស ជាមួយអៀរឡង់ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ UEFA Euro ២០២៨។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស កាសែត Time។
បញ្ហាជុំវិញការធានាថានឹងដាក់ពាក្យដេញថ្លៃធ្វើជាម្ចាស់ផ្ទះ Euro ២០២៨ របស់អង់គ្លេស និងអៀរឡង់ ពាក់ព័ន្ធទៅនឹងបញ្ហាសណ្តាប់ធ្នាប់សន្តិសុខ អាកាសយានដ្ឋាន បញ្ហាពន្ធ និងកីឡដ្ឋានរបស់ក្លិប Tottenham Hotspur ដែល UEFA ទាមទារឱ្យមានការបញ្ជាក់ច្បាស់ពីប្រទេសដែលនឹងចូលរួមដេញថ្លៃនេះ។ ចក្រភពអង់គ្លេស ដែលរួមមានប្រទេសអង់គ្លេស វែលស៍ ស្កុតលែន និងអៀរឡង់ខាងជើង រួមទាំងប្រទេសអៀរឡង់ បានបង្ហាញចំណាប់អារម្មណ៍រួមគ្នាក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ Euro២០២៨ កាលពីខែមីនាកន្លងទៅ។
គួរបញ្ជាក់ថា តួកគី គឺជាបេក្ខភាពមួយទៀតដែលចាប់អារម្មណ៍ដេញថ្លៃធ្វើជាម្ចាស់ផ្ទះ Euro២០២៨ ខណៈសេចក្តីសម្រេចចុងក្រោយនឹងត្រូវប្រកាសជាផ្លូវការនាខែកញ្ញា ឆ្នាំ២០២៣ ឯណោះ។
UEFA បានបញ្ជាក់ថា បញ្ហាទាក់ទងនឹងការដេញថ្លៃរបស់ចក្រភពអង់គ្លេស និងអៀរឡង់កំពុងត្រូវបានដោះស្រាយជាមួយអ្នកទទួលបន្ទុកការងាររៀបចំការដេញថ្លៃនេះ ហើយ UEFA បានបដិសេធមិនបញ្ចេញព័ត៌មានណាមួយបន្ថែមទៀតឡើយ។
សូមជម្រាបថា សម្រាប់ព្រឹត្តិការណ៍ UEFA Euro ២០២៤ នឹងត្រូវធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ នាខែកក្កដា ឆ្នាំ២០២៤ ខណៈវគ្គជម្រុះនឹងចាប់ផ្តើមពីខែមិនា ឆ្នាំ២០២៣ រហូតដល់ខែមិនា ឆ្នាំ២០២៤៕