ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋាភិបាលកម្ពុជា ចុះកិច្ចព្រមព្រៀងទទួលហិរញ្ញប្បទានជិត៣៩០លានដុល្លារ ពី ADB និងAFD

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២២ ខែធ្នូ បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) លើគម្រោងកម្មវិធីចំនួន៦ ដែលមានទឹកប្រាក់សរុបជាង ៣៨១លានដុល្លារអាមេរិក និងហិរញ្ញប្បទានជំនួយបច្ចេកទេសចំនួន១ មានទឹកប្រាក់ជិត២លានដុលា្លរ សម្រាប់គាំទ្រដល់ដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍន៍វិស័យថាមពល។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក Jacques Pellet ព្រមទាំងនាយកស្ថានតំណាងរបស់ ADB ប្រចាំនៅកម្ពុជា លោកស្រី Jyotsana Varma និងនាយកស្ថានតំណាងរបស់ AFD ប្រចាំនៅកម្ពុជាលោកស្រី Sandrine Boucher បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងកម្មវិធីចំនួន ៦ សម្រាប់គាំទ្រដល់ដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍន៍វិស័យថាមពលនាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គម្រោងកម្មវិថីចំនួន៦នោះមានទឹកប្រាក់សរុបចំនួន ៣៨១.៤៥លានដុល្លារអាមេរិក និងហិរញ្ញប្បទានជំនួយបច្ចេកទេសចំនួន០១ ដែលមានទឹកប្រាក់ចំនួន ១.៧លានដុលា្លរ។

គម្រោងទាំង៦ដែលត្រូវអនុវត្តមានដូចជា កម្មវិធីអភិវឌ្ឍន៍វិស័យថាមពល-អនុកម្មវិធីទី១ មានគោលបំណងរួមចំណែកគាំទ្រកម្ពុជាក្នុងការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាត ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និង ល្បឿននៃការប្រែក្លាយទៅជាសេដ្ឋកិច្ច បៃតង និងកាត់បន្ថយការបញ្ចេញកាបូន ព្រមទាំងជំរុញការវិនិយោគប្រកបដោយភាពប្រកួតប្រជែង ក្នុងវិស័យថាមពល តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និង ឯកជន។

បន្ថែមពីនេះក៍ផ្តល់សម្រាប់គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព មានគោលបំណងអភិវឌ្ឍស្ថាប័ន និងហេដ្ឋារចនា សម្ព័ន្ធតំបន់សមុទ្រ និងគម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ មានគោលបំណងចម្បង លើកកម្ពស់ផលិតភាព គុណភាព ពាណិជ្ជកម្ម ពិពិធកម្ម និងពង្រីកការចិញ្ចឹមសត្វ លើកកម្ពស់សុខភាពបសុសត្វ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃប្រកបដោយភាតរៈបរិស្ថាន។

ហិរញ្ញប្បទានទាំងនេះក៏នឹងគាំទ្រសម្រាប់គម្រោងសុខភាពតាមតំបន់ព្រំដែនក្នុងមហាអនុតំបន់មេគង្គ ក្នុងគោលបំណងលើកកម្ពស់ការទទួលបាន សេវាសុខាភិបាលរបស់ប្រជាជនដែលរស់នៅតាមព្រំដែន និងការគាំពារហិរញ្ញវត្ថុសម្រាប់សេវាថែទាំសុខភាពដល់ប្រជាជនចំណាកស្រុក។

ជាមួយគ្នានេះ ក៏នឹងគាំទ្រលើកម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងការប្រកួតប្រជែង-អនុកម្មវិធីទី១ មានគោលបំណងជំរុញប្រសិទ្ធភាពពាណិជ្ជកម្ម និងភាពប្រកួតប្រជែងនៅកម្ពុជា ដោយឡែក គម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សា មានគោលបំណងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការអប់រំថ្នាក់មធ្យមសិក្សាទុតិយភូមិ។

រដ្ឋមន្រ្តីរូបនេះក៏បានរំលឹកដែរថា ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៤.៧៧ប៊ីលានដុល្លារអាមរិក ដែលក្នុងនោះឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួនប្រមាណ ៤,២០ ប៊ីលានដុល្លារអាមេរិកសម្រាប់អនវុត្តគម្រោង និងកម្មវិធីចំនួន ១៣០ និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ ៥៦៨.៤៥លានដុល្លារអាមរិកសម្រាប់អនុវត្តគម្រោង និងកម្មវិធីចំនួន៦៩៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក