លោក ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូទៅប្រទេសថៃដើម្បីចូលរួមពិភាក្សាលើការពន្លឿនវឌ្ឍនភាពក្នុងការអនុវត្តកិច្ចព្រមព្រៀង ៥ចំណុចលើមីយ៉ាន់ម៉ា
បាងកក៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការដែលធ្វើឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការនៅប្រទេសថៃ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ដន ប្រាម៉ាត់វីណៃ។
ក្នុងសេចក្តីប្រកាសព័ត៌មានគូសបញ្ជាក់ថា ក្នុងអំឡុងពេលនៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការនេះ រំពឹងថាអ្នកចូលរួមនឹងមានការពិភាក្សាដោយត្រង់ទៅត្រង់មក និងប្រកបដោយភាពស្មោះត្រង់លើមធ្យោបាយដើម្បីពន្លឿនវឌ្ឍនភាពក្នុងការអនុវត្ត ការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចស្តីពីមីយ៉ាន់ម៉ា៕