សម្តេចតេជោដាស់តឿនឱ្យម្ចាស់រថយន្តដឹកទំនិញបើកបរតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពីព្រោះចំណេញពេលវេលា និងថវិកា
ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាស់តឿនឱ្យម្ចាស់រថយន្តដឹកទំនិញផ្សេងៗធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាជាងផ្លូវធម្មតាផ្លូវជាតិលេខ៤ ពីព្រោះវាផ្តល់ភាពងាយស្រួលជាងទាំងចំណេញពេលវេលាផង និងចំណេញថវិកាលើថ្លៃប្រេងសាំងផង។
សម្តេចតេជោបានណែនាំបែបនេះ ក្រោយពីសម្តេចសង្កេតឃើញថាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ ភាគច្រើនមានតែរថយន្តធុនតូច ពោលមិនសូវមានរថយន្តដឹកទំនិញធ្វើចរាចរណ៍លើផ្លូវល្បឿនលឿននេះឡើយ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោបានប្រាប់ដល់ថៅកែរថយន្តដឹកទំនិញផ្សេងៗដូច្នេះថា៖ «ប្រើប្រាស់ផ្លូវល្បឿនលឿន ចំណេញច្រើនជាង ទៅលើបញ្ហាផ្លូវធម្មតា អាប្រេងក៏អស់តិច អាពេលវេលាចំណេញក្នុងច្រវ៉ាក់ផ្គត់ផ្គង់។ សូមឱ្យពួកថៅកែដែលមានឡានច្រើន យើងដឹងថាមានអ្នកបើកបរមួយចំនួន គាត់កិបកេងប្រេងតាមដងផ្លូវ អាទៅលេង (ជិះតាមផ្លូវល្បឿនលឿន) ផ្លូវល្បឿនលឿនគាត់លួចលែងបាន វាមិនស្ថិតលើបញ្ហាតៃកុងឡានទេ វាស្ថិតនៅត្រង់បញ្ហាម្ចាស់ឡាន»។
បើតាមសម្តេច ប្រសិនមានរថយន្តគ្រប់ប្រភេទធ្វើចរាចរណ៍តាមផ្លូវល្បឿនលឿន គ្រោះថ្នាក់ចរាចរណ៍នឹងកាត់បន្ថយនៅតាមផ្លូវជាតិលេខ០៤។
គូសបញ្ជាក់ថា រថយន្តធុនតូចធ្វើដំណើរតាមផ្លូវល្បឿនលឿនចំណាយថវិកាចំនួន២២ដុល្លារទាំងទៅនឹងទាំងមក។ ចំពោះរថយន្តដឹកទំនិញ ផ្ទុកទំនិញលើសពី១០តោន ដល់២០តោន គិតតម្លៃ០,២៥៦ដុល្លារក្នុងមួយគីឡូម៉ែត្រ។ ចំណែករថយន្តដឹកទំនិញ ផ្ទុកទំនិញលើសពី២០តោនឡើងទៅ(គិតទាំងកុងតឺន័រ) គិតតម្លៃ០,៣២ដុល្លារក្នុងមួយគីឡូម៉ែត្រ៕