ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយមិនចំឈ្មោះទៅបុគ្គលម្នាក់ដែលសម្ដេចហៅថាអាខ្មៅ ដែលទំនងជាសំដៅទៅលោក ប៊ុត ប៊ុនតិញ ដែលបែកធ្លាយរឿងអាស្រូវផឹកស្រានិងមានស្រីឲ្យចេញបកស្រាយ។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចបានទទួលដំណឹងពីសហរដ្ឋអាមេរិកដែលបានឲ្យដំណឹងថាបុគ្គលដែលសម្ដេចហៅថា អាខ្មៅ នេះបានផឹកស្រាក្រហម ហើយមានដឹកស្រីមេម៉ាយម្នាក់ចេញទាំងកណ្ដាលយប់។
សម្ដេចតេជោថា៖ «អ្នកណាផឹកស្រាក្រហម? ហើយមេម៉ាយហ្នឹងជាអ្នកណាដែលគេដឹកចេញទាំងយប់ហ្នឹងហើយមុនដឹកចេញហ្នឹងតើស្រីមេម៉ាយហ្នឹងនៅជាមួយអ្នកណាឬក៏នៅជាមួយអាខ្មៅ?»
សម្ដេចបានទទួលដំណឹងពីខ្មែរអាមេរិកាំងម្នាក់ដែលហៅឈ្មោះខ្លួនឯងថាស្រគៀល៕