រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការទុកដាក់សំរាមរបស់អ្នកជំងឺកូវីដ-១៩ ដែលសម្រាកព្យាបាលនៅតាមផ្ទះ
ភ្នំពេញ៖ ក្រោយពេលដែលគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមាន លោក ម៉ម ប៊ុនហេង ជាប្រធានបានធ្វើការបង្កើតនីតិវិធីប្រតិបត្តិស្ដង់ដាសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ក្រោមអនុសាសន៍ណែនាំពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការ ជូនដំណឹងអំពីការទុកដាក់ និងវេចខ្ចប់សំរាមចោលឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការសាយភាយចម្លង កូវីដ-១៩ ទៅអ្នកដទៃ កំឡុងការថែទាំ និងព្យាបាលកូវីដនៅផ្ទះ។
ដើម្បីគ្រប់គ្រងសំរាមដែលបង្កើតឡើងដោយអ្នកជំងឺ កូវីដ-១៩ នៅតាមផ្ទះឱ្យបានល្អ និងដើម្បីចៀសវាងការឆ្លងបន្តទៅអ្នកដទៃ ព្រមទាំងងាយស្រួលដល់ប្រតិបត្តិករប្រមូលសំរាម ក្នុងការប្រមូលនិងដឹកជញ្ជូននោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំនូវចំណុចសំខាន់ចំនួន ៤ ដូចខាងក្រោម៖
១- ត្រូវទុកដាក់សំរាមនៅក្នុងស្បោងឱ្យបានត្រឹមត្រូវ និងដាច់ដោយឡែកពីសំរាមរបស់អ្នកផ្សេងទៀត
២- ត្រូវធ្វើការបាញ់ថ្នាំ ឬអាកុលសំលាប់មេរោគកូវីដ-១៩ នៅលើសំរាមទាំងខាងក្នុងនិងខាងក្រៅស្បោង ហើយទុកដាក់សំរាមដាច់ដោយឡែកលើសពី ៧២ម៉ោង ទើបអាចបញ្ចេញមកខាងក្រៅបាន
៣- ត្រូវដាក់សំរាមនៅក្នុងស្បោងពណ៌លឿង ឬសរសេរស្លាកសញ្ញាបញ្ជាក់នៅលើស្បោង ដើម្បីងាយស្រួលក្នុងការប្រមូល
៤- ត្រូវប្រើប្រាស់ស្បោងសំរាម ដែលមានចំណុះ ១៥ គីឡូក្រាម ដើម្បីផ្ទុកបរិមាណសំរាមឱ្យបានរយៈពេល ០៥ ថ្ងៃយ៉ាងតិច ដើម្បីចៀសវាងបញ្ចេញសំរាមរៀងរាល់ថ្ងៃ។
ក្នុងករណីដែលមិនសហការ និងមិនអនុវត្តតាមការណែនាំខាងលើនេះទេ ហើយបង្កឱ្យមានការឆ្លងជំងឺ កូវីដ-១៩ ដល់អ្នកដទៃ បុគ្គលដែលប្រព្រឹត្តត្រូវទទួលខុសត្រូវតាមមាត្រាទី០៩ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការ ឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/០៣២១/០០៤ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដែលបានចែងថា "អំពើចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដ៏ទៃតាមគ្រប់មធ្យោបាយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ” និងលិខិតបទដ្ឋានពាក់ព័ន្ធដែលមានជាធរមាន។
គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលបានឱ្យដឹងថា ការដាក់អ្នកជំងឺកូកូវីដ-១៩ ឱ្យនៅដាច់ដោយឡែកព្យាបាលនៅតាមផ្ទះមានសារៈសំខាន់ជួយកាត់បន្ថយបន្ទុកប្រព័ន្ធសុខាភិបាល ដោយផ្ដល់ឱ្យមូលដ្ឋានថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នូវលទ្ធភាពបន្ថែមទៀតក្នុងការគ្រប់គ្រងករណីជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ និងសង្គ្រោះបន្ទាន់កម្រិតធ្ងន់
សម្រាប់ចំណុចសំខាន់ៗ និងលម្អិតសូមអានសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅខាងក្រោម៖