សៀមរាប៖ នៅខេត្តសៀមរាបចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នឹងមានការរៀបចំកម្មវិធីកម្សាន្តសប្បាយៗជាច្រើន ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២៣ ខាងមុខនេះ។
កម្មវិធីកម្សាន្តដែលនឹងធ្វើឡើងនៅក្នុងខេត្តសៀមរាបចុងឆ្នាំនេះ មានដូចជាកម្មវិធីជិះទូកកំសាន្ត នៅតាមបណ្តោយស្ទឹងសៀមរាប ចាប់ពីស្ពានថ្មមន្ទីរទេសចរណ៍ចាស់ដល់ស្ពានថ្មវត្តដំណាក់ កម្មវិធីការជិះទូកកម្សាន្តតាមដងស្ទឹង។
កម្មវិធីទាំងនេះ គឺសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប សហការរៀបចំឡើងជាមួយរដ្ឋបាលខេត្តសៀមរាប និងមន្ទីរអង្គភាពពាក់ព័ន្ធនានា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមកម្សាន្តសប្បាយផង ហើយព្រមទាំងអាចឈ្វេងយល់ពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី របស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសជួយដល់សេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ។
ស.ស.យ.ក.ខេត្តសៀមរាប បានអំពាវនាវដល់ពលរដ្ឋអញ្ជើញចូលរួមឱ្យបានច្រើនកុះករ។ ក្រៅពីខេត្តសៀមរាប ក៏មានខេត្តសំខាន់ៗដទៃទៀតក៏កំពុងតែរៀបចំដើម្បីត្រៀមទទួលភ្ញៀវទេសចរនៅចុងឆ្នាំ២០២២ ផងដែរ៕