ព្រឹកស្អែកបិទកំណាត់ផ្លូវគល់ស្ពានដែកតាខ្មៅ ដល់រង្វង់មូលព្រះនរាយណ៍ ដើម្បីដង្ហែពានជ័យលាភីបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល
កណ្តាល៖ អាជ្ញាធរខេត្តកណ្តាលបានប្រកាសបិទចរាចរណ៍រយៈពេលមួយព្រឹក ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ត្រង់កំណាត់ផ្លូវជាតិលេខ២១ និងផ្លូវក្រុងលេខ២០៦ ដើម្បីដង្ហែពានជ័យលាភីលេខ១ ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល។
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាលជូនដំណឹងដល់ ពលរដ្ឋដែលមានលំនៅដ្ឋាន និងធ្វើចរាចរតាមបណ្ដោយផ្លូវជាតិលេខ២១ ចាប់ពីផ្លូវជាតិលេខ២១បេ រហូតដល់រង្វង់មូលតាខ្មៅ បត់តាមផ្លូវក្រុងលេខ១០៧ និងផ្លូវក្រុងលេខ២០៦ ចាប់ពីផ្លូវក្រុងលេខ១០៧ រហូតដល់ផ្លូវក្រុងលេខ១០២ (គល់ស្ពាន ដែកតាខ្មៅ) សូមពង្វាងផ្លូវត្រង់ចំណុចទាំងនេះដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។
ដោយឡែក ចាប់ពីផ្លូវក្រុងលេខ១០២ (គល់ស្ពានដែកតាខ្មៅ) រហូតដល់រង្វង់មូលព្រះនរាយណ៍ ក៏នឹងបិទចរាចររយៈពេលមួយព្រឹកផងដែរ ដើម្បីជួយសម្រួលដល់ការដង្ហែពានជ័យលាភីនេះ។
មន្ទីរសាធារណការខេត្តកណ្តាល បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការ ដើម្បីឱ្យដំណើរការ ដង្ហែពានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលនេះ សម្រេចបានជោគជ័យតាមផែនការកំណត់។
គូសបញ្ជាក់ថា នៅក្នុងខេត្តកណ្តាលមានក្រុងស្រុកចំនួន១១ មាន១២៧ ឃុំ-សង្កាត់ ស្មើនឹង ១០១០ភូមិនៃខេត្ត បានបញ្ចប់ការបន្ទោបង់ពាសវាលពាសការ១០០ភាគរយ ដោយខ្នងផ្ទះជាក់ស្តែង សរុប ២៦៣ ៩៦៣ ហើយចំនួនខ្នងផ្ទះដែលបានប្រើបង្គន់អនាម័យផ្ទាល់ខ្លួនមានសរុប ២៥១៩៥២ ស្មើនឹង ៩៥.៤ភាគរយ ចំនួនខ្នងផ្ទះប្រើបង្គន់អនាម័យរួមសរុប ១២ ០១១ ស្មើនឹង ៤.៦ភាគរយ៕