ប្រទេសមួយកំណត់ការចាក់វ៉ាក់សាំងជាកាតព្វកិច្ច ខណៈនាយករដ្ឋមន្រ្តីលើកឡើងថា មិនបានចាក់វ៉ាក់សាំង មិនឱ្យធ្វើការ
ហ្វីជី៖ ប្រទេសដែនកោះ ហ្វីជី បានប្រកាសពីផែនការជំរុញកំណើននៃការទទួលវ៉ាក់សាំង ដែលជានឹងក្លាយជាវ៉ាក់សាំងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងកម្មករ និយោជិតទាំងអស់ ក្នុងគ្រាដែលវិបត្តិកូវីដ-១៩កំពុងមានការកើនឡើងខ្ពស់ ជាពិសេសហានិភ័យនៃវីរុសប្រភេទថ្មី "Delta variant" ខណៈនាយករដ្ឋមន្រ្តីប្រទេសនេះ បានឱ្យជាសារមួយនិយាយថា "គ្មានវ៉ាក់សាំង គ្មានការងារ"។
លោក Frank Bainimarama នាយករដ្ឋមន្រ្តីប្រទេសដែនកោះមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងមួយនេះបាននិយាយទៅកាន់ពលរដ្ឋជាសាធារណៈថា ប្រជាពលរដ្ឋពេញវ័យទាំងអស់ក្នុងចំណោមប្រជាជនសរុបជាង ៩៣ម៉ឺននាក់ក្នុងប្រទេស ប្រសិនបើដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ នៅមិនទាន់បានទទួលវ៉ាក់សាំងដូសទី១ទេនោះ នឹងតម្រូវឱ្យសម្រាកពីការងារជាបណ្តោះអាសន្ន ហើយនឹងឈានដល់បណ្តេញចេញពីការងារតែម្តង ប្រសិនបើដល់ថ្ងៃទី០១ ខែវិច្ឆិកា នៅមិនទាន់ទទួលបានវ៉ាក់សាំងទាំង២ដូសទៀត។
បុគ្គលិកនៃក្រុមហ៊ុនឯកជនទាំងអស់នឹងត្រូវចាប់ផ្តើមទទួលវ៉ាក់សាំងដូសទី១របស់ខ្លួន ចាប់ពីថ្ងៃទី០១ ខែសីហាខាងមុខនេះ ហើយប្រសិនបើពួកគេមិនព្រមចាក់ទេនោះ អាចនឹងត្រូវរងការពិន័យធ្ងន់ធ្ងរ ហើយក្រុមហ៊ុននោះអាចត្រូវប្រឈមនឹងការបិទទ្វារតែម្តង។
រហូតមកទល់ខែមេសា ឆ្នាំ២០២១ ប្រទេសហ្វីជីមិនធ្លាប់មានករណីឆ្លងសហគមន៍ណាមួយកើតឡើងឡើយ ប៉ុន្តែយ៉ាងណាក្តីមកទល់ពេលនេះ ហ្វីជីបានជួបប្រទះនឹងករណីឆ្លងសហគមន៍ធ្ងន់ធ្ងរដែលភាគច្រើនគឺជាប្រភេទវីរុសដែលតា ហើយជាមធ្យមមានអ្នកឆ្លងច្រើនរហូតដល់ ៧០០ករណីក្នុងមួយថ្ងៃក៏មាន។ មន្ទីរពេទ្យធំបំផុតរបស់រដ្ឋនៅទីក្រុង Suva បានប្រកាសពីភាពមិនអាចទប់ទល់បានរបស់ខ្លួន ដោយកំណើនអ្នកចូលសម្រាកព្យាបាលខ្ពស់ហួសពីបន្ទុករបស់មន្ទីរពេទ្យ។
មកទល់បច្ចុប្បន្ននេះ ហ្វីជីបានផ្តល់វ៉ាក់សាំងដល់ពលរដ្ឋចំនួន ៣៤០,០០០នាក់រួចហើយ ដោយប្រទេសនេះបានប្រើប្រាស់នូវប្រភេទវ៉ាក់សាំង Astra Zeneca៕