ភ្នំពេញ៖ លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះនឹងចាប់ផ្តើមប្រកាសនៅរសៀលម៉ោង ៣រសៀលថ្ងៃស្អែក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល។ សម្រាប់ខេត្តដទៃទៀតនឹងប្រកាសនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។
តាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្ញើជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ក្រសួងបានប្រាប់ឱ្យប្រធានមន្ទីរត្រូវចាត់តាំងតំណាងមកទទួលយកបញ្ជីប្រកាសលទ្ធផលប្រឡងតាមមណ្ឌលសំណេរក្នុងរាជធានី-ខេត្ត នៅបន្ទប់បូកសរុបរបាយការណ៍អគាររដ្ឋបាល ចៅពញាហុក ជាន់ទី៥ ដើម្បីយកទៅបិទផ្សាយនៅតាមមណ្ឌលសំណេរនីមួយៗ។
តាមការគ្រោងទុក ក្រសួងអប់រំគ្រោងប្រកាសលទ្ធផលប្រឡងបាក់ឌុបនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់បេក្ខជននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយសម្រាប់ខេត្តដទៃទៀត ក្រសួងនឹងប្រកាសនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
ប្រឡងបាក់ឌុបថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រឡងសរុបចំនួន ១២៨ ១៣៥នាក់ ស្រី ៦៨ ៧៧១នាក់។ សូមរំលឹកថា ការប្រឡងបាក់ឌុបឆ្នាំ២០២១ កន្លងមកមានបេក្ខជនប្រឡងជាប់ចំនួន ៧២ ០១៦នាក់ ក្នុងនោះជាប់និទ្ទេស A ចំនួន ១ ៧៥៣នាក់ និទ្ទេស B ចំនួន ៥ ២១៥នាក់ និទ្ទេស C ចំនួន ១១ ៦៣៤នាក់ និទ្ទេស D ចំនួន ២៣ ៤៩៩នាក់ និងនិទ្ទេស E ចំនួន ២៩ ៩១៥នាក់។
តួលេខសិស្សនិទ្ទេស A ឆ្នាំមុន គឺមានការកើនឡើងបើធៀបនឹងឆ្នាំ២០១៩ ដែលមានចំនួន ៤៤៣នាក់ ដែលជាប់និទ្ទេស A និទ្ទេស B ចំនួន ២ ៤៣០នាក់ និទ្ទេស C ចំនួន ៥ ៨៤៧នាក់ និទ្ទេស D ចំនួន ១៤ ១០០នាក់ និងនិទ្ទេស E ចំនួន ៥៦ ២៣២នាក់៕