កាតា៖ ចុងភៅជនជាតិតួកគី "Salt Bae" ដែលមានភាពល្បីល្បាញដោយកាយវិការរោយអំបិលរបស់លោក កំពុងរងការិះគន់តាមរយៈប្រព័ន្ធអនឡាញ និងលើបណ្តាញសង្គម បន្ទាប់ពីលេចវត្តមានលោកឈរលើវាលស្មៅ និងអបអរសាទរពាន World Cup ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ក្រោយយកឈ្នះបារាំងនៅវគ្គផ្តាច់ព្រ័ត្រ។
ចុងភៅដែលមានឈ្មោះពិត Nusret Gokce ត្រូវបានគេឃើញថាបានក្រៀកស្មាកីឡាករ Lionel Messi យ៉ាងតិច ២ដង និងយកពាន World Cup ពីកីឡាករ Angel Di Maria និងធ្វើកាយវិការដូចជាការរោយអំបិលដ៏ល្បីរបស់លោកទៅលើពាន World Cup ទៀតផង ខណៈរូបភាពមួយទៀតគេឃើញលោកថើប និងលើកពានដាក់លើក្បាលផងដែរ។
កាយវិការរបស់ Salt Bae ត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍ និងរិះគន់ជាខ្លាំង ជាក់ស្តែងអតីតកីឡាករជម្រើសជាតិអង់គ្លេស និងបច្ចុប្បន្នជាពិធីករកីឡានៃទូរទស្សន៍ BBC បានហៅបុរសខាងលើថាជា "Pest" ដែលមានន័យថាជាសត្វល្អិត ដែលមានន័យធៀបថាពិតជាគួរឱ្យរំខាន។
អ្នកគាំទ្រជាច្រើនបានចោទជាសំណួរថា តើបុរសជាចុងភៅខាងលើមានតួនាទីអ្វីពាក់ព័ន្ធទើបអាចចូលទៅក្នុងទីលាន និងអបអរជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនបាន? ឬមួយមកពីលោកមានទំនាក់ទំនងជាមួយប្រធាន FIFA លោក Gianni Infantino? Comment របស់បុរសម្នាក់ដែលទទួលបានការ Like ជាង១១K បាននិយាយថា៖ "គេមិនគួរប៉ះពាល់ពានរង្វាន់ FIFA World Cup ឡើយ។ មានតែកីឡាករ និងក្រុមការងារក្លិបដែលខិតខំប្រឹងប្រែងខ្លាំងក្លាក្នុងព្រឹត្តិការណ៍នេះប៉ុណ្ណោះទើបអាចប៉ះពាល់ពាននេះបាន។ តាមពិតទៅ លោកគ្រាន់តែចង់ទាក់ទាញចំណាប់អារម្មណ៍គេប៉ុណ្ណោះ"។
ហេតុការណ៍នៃការកាន់ពាន World Cup នេះក៏ផ្ទុយទៅនឹងច្បាប់របស់ FIFA ផងដែរដែលបានចែងថា ពានរង្វាន់ដើម (Original Trophy) អាចត្រូវបានប៉ះ និងកាន់ដោយក្រុមមនុស្សមួយចំនួនប៉ុណ្ណោះ ដោយរួមមានអតីតអ្នកឈ្នះពាន World Cup ក៏ដូចជាប្រមុខរដ្ឋជាដើម"។ គួររំឮកថា កាលពីឆ្នាំ២០១៤ ក៏មានហេតុការណ៍ស្រដៀងគ្នានេះផងដែរ ដោយតារាចម្រៀងស្រី Rihanna បានកាន់ពានរង្វាន់នេះ ហើយក្រោយមកនាងក៏បានទម្លាយថានាងបានថើបពានរង្វាន់នេះ ព្រមទាំងបានថត Selfie ជាមួយពាននេះទៀតផង៕