សហរដ្ឋអាមេរិក៖ ហេតុការណ៍រញ្ជួយដីដ៏ខ្លាំងក្លាមួយក្នុងកម្រិត ៦,៤រិចទ័រ បានវាយលុកតំបន់ឆ្នេរភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា (California) នៅមុនថ្ងៃរះ នាព្រឹកថ្ងៃអង្គារ ទី២០ (កាលបរិច្ឆេទក្នុងស្រុក) ដែលបានបង្កឱ្យមានការខូចខាតផ្ទះសម្បែង ផ្លូវថ្នល់ និងប្រជាជនប្រមាណជា ១ម៉ឺននាក់ពុំមានអគ្គិសនីប្រើប្រាស់។
ហេតុការណ៍នេះបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស ខណៈមានមនុស្ស ២នាក់ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិត ដោយសារបញ្ហាបន្ទាន់ក្នុងការជួយសង្គ្រោះក្នុងអំឡុងពេលហេតុការណ៍កំពុងកើត ឬក្រោយហេតុការណ៍នេះបានកើតឡើង។ ការរញ្ជួយដីដែលកើតមានឡើងនាពេលព្រឹកព្រលឹមនៅកន្លែងកើតហេតុ ហើយមានការរាយការណ៍ពីការរញ្ជួយប្រមាណជា ៨០កន្លែងផ្សេងគ្នា ក្នុងទីតាំងដែលស្ថិតនៅប្រមាណជា ៣៥០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង San Francisco ដែលជាតំបន់ឆ្នេរ ទីតាំងចែកចាយគ្រឿងសមុទ្រក្នុងស្រុក តំបន់ឧស្សាហកម្ម និងជាកន្លែងផលិតទឹកដោះគោស្រស់។
តំបន់នេះហាក់មានភាពសកម្មក្នុងហេតុការណ៍រញ្ជួយដីដែលកើតមានជាញឹកញាប់ ខណៈផលរំខានដែលកើតមានក្នុងប៉ុន្មានឆ្នាំចុងក្រោយហាក់កើនឡើងខ្ពស់បើប្រៀបធៀបនឹងទីតាំងផ្សេងៗ។ ជាក់ស្តែង ក្រៅពីការបាត់បង់ជីវិត និងមានអ្នករងគ្រោះផ្សេងៗ ហេតុការណ៍រញ្ជួយដីនេះបានបណ្តាលឱ្យខូចខាតបណ្តាញការពារអគ្គិភ័យ ខណៈប្រព័ន្ធផ្គត់ផ្គង់ឧស្ម័នសម្រាប់ផ្តល់កំដៅទឹកបានកាត់ផ្តាច់ ខណៈអគារយ៉ាងហោចណាស់ចំនួន ២ត្រូវបានដួលរលំ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីអាជ្ញាធរក្នុងតំបន់។
យោងតាមគេហទំព័រតាមដានបណ្តាញអគ្គិសនី PowerOutage.us បានឱ្យដឹងថា ផ្ទះ និងអាជីវកម្មប្រហែល ៧៩,០០០កន្លែងនៅទូទាំងតំបន់ ត្រូវបានកាត់ផ្តាច់ថាមពលភ្លាមៗនៅក្នុងហេតុការណ៍នៃការរញ្ជួយដីនេះ៕