ករណីគ្រឿងញៀនទ្រង់ទ្រាយធំនៅខេត្តព្រះសីហនុ៖ អាជ្ញាធរចាប់បានគ្រឿងញៀនសរុបជាង១តោន និងសារធាតុគីមីជិត៤០គីឡូក្រាម
ព្រះសីហនុ៖ ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ អាជ្ញាធររឹបអូសបានគ្រឿងញៀនសរុបចំនួនជាង១តោន សារធាតុគីមីផ្សំចំនួន ៥០០ក្រាម សារធាតុគីមីចំនួនជាង ៣៥គីឡូក្រាម និងសារធាតុមិនច្បាស់ចំនួន ៤៤៨ក្រាម នៅគោលដៅចំនួន៨ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គោលដៅទាំង៨ ដែលអាជ្ញាធររឹបអូសបានសារធាតុញៀន ដោយគោលដៅទី១ នៅផ្ទះល្វែង និងឃ្លាំង ស្ថិតក្នុងក្រុម៩ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ រឹបអូសបានសារធាតុញៀនកេតាមីនចំនួន ៨៥០ ដុំ ស្មើនឹង ៨៤៩ ៥៦០ក្រាម។
គោលដៅទី២ នៅលើរថយន្តម៉ាកតូយូតាធុនត្រា ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ ២AQ-១៣១៣ នៅចំណតរថយន្តក្រោមដី ជាន់ទី២ សណ្ឋាគារណានហៃ វិថី២ធ្នូ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ រឹបអូសបានសារធាតុញៀនកេតាមីនចំនួន ១៧៥ដុំ ស្មើនឹង ១៧៤ ៩៧៥ក្រាម។
គោលដៅទី៣ នៅខុនដូរអគារស បន្ទប់លេខ៤០២ ជាន់ទី៤ ក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ រឹបអូសបានសារធាតុញៀនកេតាមីនចំនួន ១០០ដុំ ស្មើនឹង ៩៩ ៨៥៤ក្រាម MDMA ចំនួន ២ ២៣៣,៨ក្រាម និងសារធាតុគីមីចំនួន ១០ ៣៥៨ក្រាម។
គោលដៅទី៤ នៅខុនដូរជើងកាង (ហុងឡុង) ស្ថិតនៅភូមិ២ សង្កាត់២ រឹបអូសកេតាមីនបានចំនួន ១ ៣២៩ក្រាម MDMA ចំនួន ៣៦៤ក្រាម សារធាតុគីមីចំនួន ៥០០ក្រាម និងសារធាតុមិនច្បាស់ចំនួន ៤៤៨ក្រាម។ គោលដៅទី៥ នៅចំណុចឆ្នេរជំទាវម៉ៅ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ រឹបអូសបានចំនួន៥ ស្មើនឹង ៥ ០៧៨ក្រាម។ គោលដៅទី៦ នៅចំណុចដីឡូត៍ មួយកន្លែង ភូមិ៣ សង្កាត់៣ រឹបអូសបាន៣ដុំ ស្មើ២ ៩៩២ក្រាម។ គោលដៅទី៧ នៅអគារខុនដូបន្ទប់លេខ១២០១ ជាន់ទី១២ ភូមិ៥ សង្កាត់៤ រឹបអូសកេតាមីនបានចំនួន១,១១ក្រាម មេតំហ្វេតាមីនចំនួន ១០,៧២ក្រាម និង MDMA ចំនួន ៣៨១,២៨ក្រាម។
ចំណែកគោលដៅទី៨ នៅលំនៅឋានលេខB២៣ បុរីអារ៉ាតា ផ្លូវហ៊ីមាវ៉ារី ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រឹបអូសបានកេតាមីនចំនួន ៣៧,៧៦ក្រាម និងសារធាតុគីមីចំនួន ២៥១២៣,៦ក្រាម។
ប្រត្តិបត្តិការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំរយៈពេលមួយសប្តាហ៍កន្លងមកនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួនប្រុសស្រី១០នាក់ ក្នុងនោះជនជាតិខ្មែរចំនួន ២នាក់ និងជនជាតិចិនចំនួន ៨នាក់ពាក់ព័ន្ធករណីគ្រឿងញឿនជាង១តោននៅខេត្តព្រះសីហនុ។
តាមចម្លើយជនសង្ស័យ គ្រឿងញៀន និងសារធាតុញៀនជាង១តោននោះ គឺពួកគេបម្រុងដឹកយកទៅជួញដូរនៅប្រទេសទី៣។ បច្ចុប្បន្នអាជ្ញាធរកំពុងតែកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការចាត់ការតាមច្បាប់៕