ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋាភិបាលកំពុងសាកល្បងកញ្ចប់គ្រួសារជូនពលរដ្ឋក្រីក្រឱ្យទទួលបានជំនាញ និងមុខរបរត្រឹមត្រូវ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកំពុងសាកល្បងគម្រោងកញ្ចប់គ្រួសារជូនដល់ពលរដ្ឋក្រីក្របានជាងចំនួន ២ពាន់គ្រួសារហើយនៅខេត្តព្រះវិហារ និងខេត្តកំពង់ឆ្នាំងតាមរយៈការផ្តល់ជាជំនួយ (ដើមទុន) និងបណ្តុះបណ្តាលឱ្យពលរដ្ឋមានជំនាញ និងមានមុខរបរត្រឹមត្រូវមួយដើម្បីឱ្យពលរដ្ឋចាកចេញពីភាពក្រីក្រ។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក សំហេង បុរស បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីអំពី «កិច្ចគាំពារសង្គម ការស្តារសេដ្ឋកិច្ច និងសិទ្ធិឌីជីថលនៅកម្ពុជា ក្រោមប្រធានបទ រួមគ្នាដើម្បីអនាគតកាន់តែប្រសើរ» នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារហ៊ីម៉ាវ៉ារីថា ការសាកល្បងគម្រោងកញ្ចប់គ្រួសារនេះ គឺស្ថិតក្នុងខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីកញ្ចប់គ្រួសារ និងកំពុងសិក្សារៀបចំគម្រោងកញ្ចប់ភាពក្រីក្រជួយដល់ពលរដ្ឋក្រីក្រខ្វះលទ្ធភាពតាមរយៈការបណ្តុះបណ្តាលអំពីជំនាញ និងមុខរបរច្បាស់លាស់មួយ ដើម្បីធានាឱ្យពលរដ្ឋក្រីក្រអាចមានជីវភាពល្អប្រសើរ ជាពិសេសអាចចាកចេញពីភាពក្រីក្រ។

លោកបន្តថា គម្រោងកញ្ចប់គ្រួសារ និងគម្រោងកញ្ចប់ក្រីក្រនេះ គ្រោងនឹងអនុវត្តឱ្យបានពេញលេញនៅក្រោយពេលកូវីដ-១៩ត្រូវបានបញ្ចប់ ហើយគម្រោងកញ្ចប់ទាំងពីរនេះនឹងផ្តល់សម្រាប់ពលរដ្ឋក្រីក្រ ជនពិការក្រីក្រ មនុស្សចាស់ជរា និងកុមារស្ថិតក្នុងគ្រួសារក្រីក្រ។

បើតាមលោក សំហេង បុរស បន្ថែមពីការផ្តល់ប្រាក់ឧបត្ថម្ភ ក្រសួងសង្គមកិច្ចក៏នឹងសហការជាមួយអន្តរក្រសួងនានា និងដៃគូអភិវឌ្ឍនានាដើម្បីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងផ្តល់ជម្រើសមុខរបរការងារដល់ផ្ទះពលរដ្ឋក្រីក្រ។

លោក សំហេង បុរស បាននិយាយដូច្នេះថា៖ «សម្តេចតេជោបានណែនាំដល់ក្រុមការងារថា រកវិធីសាស្ត្រក្នុងការបង្រៀនប្រជាជនឱ្យចេះស្ទួចត្រី កុំឱ្យត្រីគាត់។ ប្រទេសកម្ពុជាជាប្រទេសស៊ូនឹងការអំណត់ក្នុងការងារដោះស្រាយបញ្ហា។ អ៊ីចឹងនៅពេលដែលប្រជាជនចង់ទទួលផលរហូត គាត់មិនបានពង្រីកសមត្ថភាពខ្លួនឯង ធ្វើឱ្យធ្លាក់ទៅក្រោយវិញ (ធ្លាក់ក្នុងភាពក្រីក្រ)»

ក្នុងរយៈពេលជាង២ឆ្នាំនៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ដល់គ្រួសារក្រីក្រក្នុងអំឡុងរាតត្បាតជំងឺកូវីដ-១៩ រួមទាំងអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសាររងផលប៉ះពាលដោយសារសម្ពោធអតិរណា និងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ដែលរាជរដ្ឋាភិបាលទើបតែដាក់ឱ្យដំណើរការនៅដើមខែធ្នូនេះ រដ្ឋបានចំណាយថវិកាជិត ១ពាន់លានដុល្លារសម្រាប់ជួយឧបត្ថម្ភដល់ពលរដ្ឋក្រីក្រចំនួនជាង ១លានគ្រួសារ ឬស្មើនឹង៤លាននាក់។

លោក សំហេង បុរស បានគូសបញ្ជាក់ថា តាំងពីដាក់ឱ្យដំណើរការកម្មវិធីជំនួយសង្គមរយៈពេលជាង២ឆ្នាំនេះ សង្កេតឃើញថាពលរដ្ឋក្រីក្រដែលទទួលបានប្រាក់ឧបត្ថម្ភ ប្រមាណ២០ភាគរយមានជំហរឹងមាំក្នុងការទ្រទ្រង់ជីវភាពរបស់ពួកគេបានល្អប្រសើរជាងមុន។ លោកបន្តថា ពលរដ្ឋក្រីក្រប្រមាណ៦០ភាគរយទៀតក៏អាចនឹងងាកចេញពីភាពក្រីក្រីនៅប៉ុន្មានឆ្នាំខាងមុខទៀតផងដែរ។

លោកបានបន្ថែមថា ដើម្បីការអនុវត្តគោលនយោបាយជាតិគាំពារសង្គមទទួលបានជោគជ័យ គឹចាំបាច់ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជននានាក្នុងការដាក់ចេញនូវគោលដៅ និងផែនការរួមមួយជាមួយរាជរដ្ឋាភិបាលដើម្បីរួមចំណែកអភិវឌ្ឍ និងកសាងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក