ភ្នំពេញ៖ ប្រធានរដ្ឋសភា សម្ដេចពញាចក្រី ហេង សំរិន បានគណៈអចិន្ត្រៃយ៍រដ្ឋសភាប្រជុំពិនិត្យវាយតម្លៃការងាររៀបចំមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (AIPA43) ដែលបានវាយតម្លៃជារួមថាបានជោគជ័យមួយ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថា អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានធ្វើការបូកសរុបលទ្ធផល និងវាយតម្លៃការងាររៀបចំមហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៣ (AIPA43) ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមកថា «ទទួលបានជោគជ័យយ៉ាងធំធេងដែលនាំមកនូវកិត្យានុភាពជូនជាតិមាតុភូមិនៅលើឆាកអន្តរជាតិ ជាពិសេសការពង្រឹងវិស័យការទូតសភាកម្ពុជា នៅលើឆាកអន្តរជាតិក្នុងការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការជាមួយសភានានា ទាំងកម្រិតទ្វេភាគី និងពហុភាគី ឱ្យ កាន់តែទូលំទូលាយគ្រប់ជ្រុងជ្រោយឡើង»។
គួរឱ្យដឹងផងដែរថា មហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះបានប្រារព្ធធ្វើឡើង ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមមូលបទ «បោះជំហានជាមួយគ្ន ដើម្បីចីរភាព បរិយាប័ន្ន និងភាពធន់» ដែលជាមូលបទឆ្លើយតប សភាពការណ៍ជាក់ស្តែងនៅក្នុងតំបន់ និងសកលលោក ក្រោយការរាតត្បាត ជំងឺកូវីដ-១៩៕