នូវែលហ្សឡង់៖ ប្រទេសនូវែលហ្សឡង់នឹងហាមឃាត់ការលក់ថ្នាំជក់ដល់មនុស្សជំនាន់ក្រោយរបស់ខ្លួន ក្នុងគោលបំណងដើម្បីបញ្ឈប់ការជក់បារីទាំងអស់នៅក្នុងប្រទេស។ ជាក់ស្តែង បើតាមច្បាប់មួយដែលគេរំពឹងថានឹងអនុម័តនៅឆ្នាំក្រោយបានចែងថា រាល់ប្រជាជននូវែលហ្សឡង់ទាំងឡាយណាដែលកើតនៅក្រោយឆ្នាំ២០០៨ នឹងត្រូវហាមឃាត់មិនឱ្យទិញបារី ឬផលិតផលថ្នាំជក់ពេញមួយជីវិតតែម្តង។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត Ayesha Verall និយាយថា ប្រទេសនូវែលហ្សឡង់ចង់បញ្ជាក់ឱ្យច្បាស់ថាប្រជាជនវ័យក្មេងរបស់យើងគ្មាននរណាម្នាក់ចាប់ផ្តើមការជក់បារីឡើយ។ សេចក្តីព្រាងច្បាប់នេះ ក៏ជាផ្នែកមួយនៃយុទ្ធនាការការបង្រ្កាបយ៉ាងជាក់លាក់លើការជក់បារី ដែលប្រកាសដោយក្រសួងសុខាភិបាលរបស់ប្រទេសនូវែលសេឡង់កាលពីពេលថ្មីៗនេះ។
វេជ្ជបណ្ឌិត និងអ្នកជំនាញផ្នែកសុខភាពជាច្រើនបានសាទរចំពោះចំពោះកំណែទម្រង់ "ឈានមុខគេ" លើពិភពលោក ដែលនឹងកាត់បន្ថយលទ្ធភាពទទួលបានថ្នាំជក់ និងកម្រិតជាតិនីកូទីនក្នុងបារី។ សាស្ត្រាចារ្យ Janet Hook មកពីសាកលវិទ្យាល័យ Otago បាននិយាយថា៖ "ច្បាប់នេះនឹងជួយមនុស្សឱ្យឈប់ ឬយ៉ាងហោចណាស់ប្តូរទៅប្រើផលិតផលដែលបង្កគ្រោះថ្នាក់តិចជាងបារី នឹងជួយឱ្យប្រជាជនវ័យក្មេងកាន់តែតិចបំផុតដែលអាចរងគ្រោះដោយការញៀនសារធាតុនីកូទីន"។
យ៉ាងណាក្តី ប្រតិកម្មផ្សេងៗគ្នាជុំវិញការព្រាងច្បាប់នេះបានកើតមានឡើង។ ប្រជាជនមួយចំនួនបានសាទរចំពោះច្បាប់នេះ ត្បិតបច្ចុប្បន្ននៅប្រទេសនូវែលហ្សឡង់ គេសង្កេតឃើញមនុស្សវ័យក្មេងជាច្រើនកាន់ជាប់បារីនៅក្នុងដៃ ឬបៀមវាជាប់នៅក្នុងមាត់ ដែលមិនដឹងថាគេអាចទិញវាបានតាមវិធីណា។ ដោយឡែក មតិមួយចំនួនទៀតបានបង្ហាញក្តីកង្វល់ចំពោះច្បាប់ហាមបុគ្គលកើតក្រោយឆ្នាំ២០០៨ មិនឱ្យទិញបារីនេះ ដែលវាអាចនាំឱ្យមានទីផ្សារងងឹតសម្រាប់ការជួញដូរបារី ដែលអាចស្រដៀងនឹងការជួញដូវវត្ថុខុសច្បាប់ជាអាទិ៍៕
