ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា នឹងបន្តចុះត្រជាក់ ចាប់ពីថ្ងៃទី២១-២៧ ខែធ្នូ ឆ្នាំ២០២២។
ក្រសួងបញ្ជាក់ថា នៅក្នុងមួយសប្ដាហ៍ខាងមុខនេះ ប្រទេសកម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម។ បណ្តាខេត្តតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមាមានពី១៨-២០ អង្សាសេ និង សីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សាសេ ដោយអាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ។
ចំពោះបណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាមានពី ១៦-១៨អង្សាសេ និង សីតុណ្ហភាពអតិបរមាមានពី ២៨-៣០អង្សាសេ ឯខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមាមានក្នុងរង្វង់ ១៧-១៨ °C។
ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាមានចន្លោះ ១៩-២១ អង្សាសេ
ដោយអាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម។
ក្រសួងធនធានទឹក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះស្ថានភាពធាតុអាកាស ដែលនៅបន្តចុះត្រជាក់នេះ៕