បារាំង៖ កីឡាករខ្សែប្រយុទ្ធជម្រើសជាតិបារាំង Karim Benzema បានប្រកាសបញ្ចប់អាជីពរបស់ខ្លួនជាមួយក្រុមជម្រើសជាតិបារាំងជាផ្លូវការហើយ ពោលគឺក្រោយមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបារាំងបានត្រឹមជើងឯករង World Cup ខណៈ Benzema អាក់ខានមិនបានជួយក្រុមដោយសារបញ្ហារបួស។
Benzema ជាអតីតកីឡាករជម្រើសជាតិយុវជនបារាំងគ្រប់ឈុត លើកលែងតែក្រុមអាយុក្រោម ១៦ឆ្នាំ។ Benzema ឈ្នះពានយុវជនអាយុក្រោម ១៨ឆ្នាំលើកដំបូងបង្អស់ក្នុងការប្រកួតយុវជនកម្រិតអាយុក្រោម ១៨ឆ្នាំទល់នឹងក្រុមជម្រើសជាតិឆេក ។ ជាលើកដំបូងបង្អស់ Benzema ត្រូវបានកោះហៅចូលរួមឈុតធំជម្រើសជាតិបារាំងដោយគ្រូបង្វឹក Raymond Domenech ក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រិក កាលពីឆ្នាំ២០០៦ មុននឹងត្រូវបានកោះហៅចូលការប្រកួតផ្លូវការក្នុងការជម្រុះ EURO២០០៨ ទល់នឹងលីទុយអានី។
ជាមួយក្រុមជម្រើសជាតិ Benzema បង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិអាយុក្រោម ១៧ឆ្នាំ, ១៨ឆ្នាំ, ១៩ឆ្នាំ និង២១ឆ្នាំ មុននឹងចូលរួមជាមួយក្រុមជម្រើសជាតិឈុតធំបង្ហាញខ្លួនបាន ៩៧ប្រកួត និងស៊ុតបញ្ចូលទីបាន ៣៧គ្រាប់។ ជាមួយក្រុមជម្រើសជាតិ Benzema ជួយឱ្យក្រុមឈ្នះពាន UEFA U-17 កាលពីឆ្នាំ២០០៤ និងជួយបារាំងគ្រងជើងឯក UEFA Nation League ឆ្នាំ២០២១ និងរងជើងឯក World Cup ឆ្នាំ២០២២។
លើបណ្តាញសង្គមផ្ទាល់ខ្លួននៅយប់នេះ Benzema បានបង្ហោះសារលាអ្នកគាំទ្រជម្រើសជាតិថា៖ "ខ្ញុំបានដាក់ចិត្តខិតខំប្រឹងប្រែង ព្រមទាំងមានកំហុសឆ្គងមួយចំនួន ដែលនាំឱ្យខ្ញុំក្លាយជាខ្លូនខ្ញុំនៅពេលនេះ ហើយខ្ញុំពិតជាមានមោទនភាពវា។ ខ្ញុំបានសរសេរសាច់រឿងផ្ទាល់ខ្លួនរបស់ខ្ញុំ និងរបស់យើងទាំងអស់គ្នា ហើយវាក៏បានបញ្ចប់ដែរ"៕