ភ្នំពេញ៖ លោក យ៉ង សាំងកុមារ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានព្រះមហាក្សត្រតែងតាំងជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បន្ថែមលើមុខងារបច្ចុប្បន្ន។
គូសបញ្ជាក់ថា អតីតប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ ត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក យ៉ង សាំងកុមារ បានទទួលតំណែងនេះ ក្រោយពីលោកបានស្នើសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក។ មន្ត្រីជំនាញកសិកម្មរូបនេះបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាក្រោយពីលោកពេញចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយលើកកម្ពស់វិស័យកសិកម្មរបស់សម្តេចតេជោដែលទើបដែលប្រកាសកាលពីប៉ុន្មានខែកន្លងទៅ។
គោលបំណងរបស់លោក យ៉ង សាំងកុមារ ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាគឺដើម្បីរួមចំណែកលើកស្ទួយវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ លោកសង្ឃឹមថា ក្រោយបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លោកនឹងមានឱកាសដើម្បីចូលរួមអនុវត្តន៍គោលនយោបាយទាំងនេះឲ្យជោគជ័យ និងមានផ្លែផ្កា៕