
ក្រសួងវប្បធម៌ប្រមូលថវិកាជាង៨ម៉ឺនដុល្លារពីព្រឹត្តិការណ៍ «រាត្រីស្រមោសរសប្បុរសធម៌» ជូនមន្ទីរពេទ្យគន្ធបុប្ផា
សៀមរាប៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រមូលថវិកាជាង៨ម៉ឺនដុល្លារពីការលក់សំបុត្រចូលទស្សនាការសម្តែងសិល្បៈទស្សនីយភាពក្នុងព្រឹត្តិការណ៍ «រាត្រីសមោសរសប្បុរសធម៌» ដែលធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប។ ថវិកាជាង ៨ម៉ឺនដុល្លារនោះក្រសួងបានបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា។
ព្រឹត្តិការណ៍ «រាត្រីសមោសរសប្បុរសធម៌» ធ្វើឡើងក្រោមអធិបតីភាព លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
«រាត្រីសមោសរសប្បុរសធម៌» បានប្រារព្ធរៀបចំនៅលើទឹកដីអង្គរ ធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរខួប ៣០ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ជាមួយគ្នាការរៀបចំព្រឹត្តិការណ៍នេះ ក៏ដើម្បីស្វែងរកថវិកាឧបត្ថម្ភគាំទ្រដល់មន្ទីរគន្ធបុប្ផា តាមរយៈការលក់សំបុត្រចូលទស្សនាការសម្ដែងសិល្បៈទស្សនីយភាពជាច្រើនទម្រង់ ជាមួយនឹងការទទួលទានអាហារពេលល្ងាច ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ក្រសួង-ស្ថាប័នក្នុងប្រទេស ក្រុមការងារអង្គការយូណេស្កូ អ្នកជំនាញការអន្តរជាតិ និងដៃគូអន្តរជាតិនៃគម្រោងផ្សេងៗនៅតំបន់រមណីយដ្ឋានអង្គរ និងបណ្ដាវិស័យក្រុមហ៊ុនឯកជន។
ក្នុងព្រឹត្តិការណ៍ «រាត្រីសមោសរសប្បុរសធម៌» មានការសម្តែងសិល្បៈជាច្រើនទម្រង់ប្រជុំដោយសិល្បករសិល្បការិនីជាច្រើននាក់ដែលអញ្ជើញមកពីសាលាមធ្យមវិចិត្រសិល្បៈ នាយកដ្ឋានសិល្បៈទស្សនីយភាព ក្លឹបសិល្បៈវប្បធម៌ ឱម យុវណ្ណឌី ក្រុមព្រះសូរិយា សហព័ន្ធយុទ្ធក្រមខម សាលាគុណល្បុក្កតោជ័យតេជៈ សមាគមលក្ខណ៍រ៉ៃយុងល្បុក្កតោ ក្រុមភ្លេងបុរាណទេពបុទុមវង្ស និងក្រុមល្បុក្កតោពេជ្រចរណៃ៕