ពាណិជ្ជកម្ម៖ ស្របពេលដែលក្តីស្រមៃលើកពាន FIFA World Cup ២០២២ នៅកាតាខិតកាន់តែកៀក អ្នកគាំទ្រឯណេះវិញក៏បានសម្រុកក្នុងការទិញយកអាវក្រុមជម្រើសជាតិអាហ្សង់ទីនយ៉ាងសម្បើម ខណៈក្រុមហ៊ុន Adidas ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់អាវជម្រើសជាតិអាហ្សង់ទីនបានបញ្ជាក់ពីការខ្វះខាតស្តុកសម្រាប់លក់ ក្រោយពេលតម្រូវការមានកម្រិតខ្ពស់ខ្លាំងជាងធម្មតា។
នៅមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup របស់អាហ្សង់ទីនទល់នឹងបារាំងនៅថ្ងៃអាទិត្យនេះ ក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡាអាល្លឺម៉ង់ Adidas បាននិយាយថា តម្រូវការខ្ពស់សម្រាប់អាវអាហ្សង់ទីន បានជំរុញឱ្យក្រុមហ៊ុនស្វែងរកផែនការដើម្បីជំរុញការផលិតរបស់ខ្លួន ធ្វើយ៉ាងណាផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ក្នុងទីផ្សារមុននឹងការអបអរទ្រង់ទ្រាយធំដែលអាចកើតមានឡើងឆាប់ៗនេះ។
អ្នកនាំពាក្យ Brand Adidas បញ្ជាក់ថា៖ "ដោយសារតម្រូវការខ្ពស់ខ្លាំងពេក ស្តុកអាវអាហ្សង់ទីននៅតាមបណ្តាប្រទេសមួយចំនួនមានសល់តិចតួចខ្លាំងមែនទែន ហើយក្រុមហ៊ុនកំពុងសម្រុកផលិតបន្ថែមដើម្បីឱ្យអ្នកគាំទ្រអាចទិញពាក់អបអរដល់ជម្រើសជាតិដែលគេគាំទ្រ"។
គួរឱ្យដឹងថា អាហ្សង់ទីនជាក្រុមតែមួយគត់ដែលជាដៃគូសហការសម្លៀកបំពាក់ជាមួយក្រុមហ៊ុន Adidas ដែលឈានផុតវគ្គ១៦ក្រុមចុងក្រោយ និងឈានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ហើយអាវរបស់ក្រុមមានតម្រូវការខ្ពស់ខ្លាំងជាង World Cup ២០១៨ ដែលក្រុមហ៊ុនអះអាងថាលក់ដាច់ជាងមុនកើនឡើង ៣០ភាគរយ។ តាមប្រភពពី Adidas បានឱ្យដឹងថា របាយការណ៍លក់របស់ក្រុមហ៊ុនសម្រាប់មួយព្រឹត្តិការណ៍ប្រកួត FIFA World Cup ២០២២ រកបានប្រមាណជា ៤០០លានអឺរ៉ូ ដែលស្មើនឹងជាង ៤២៤លានដុល្លារអាមេរិក៕