
អាជ្ញាធរថៃកំពុងតែស្រាវជ្រាវតាមចាប់ជនសង្ស័យជនជាតិប៉ូឡូញ២នាក់ដែលបានធ្វើទារុណកម្មដ៏ព្រៃផ្សៃលើស្ត្រីខ្មែរម្នាក់នៅប្រទេសថៃ
ថៃ៖ ស្ត្រីខ្មែរម្នាក់ដែលជាជាងគំនូរ បានចាញ់បោកនារីម្នាក់ដែលទាក់ទងណាត់ពិភាក្សាជាមួយនាងតាមអនឡាញឱ្យទៅតុបតែងហាងថ្មីមួយគ្រោងនឹងបើកនៅទីក្រុងផាតាយ៉ា ប្រទេសថៃ ប៉ុន្តែលុះនាងបានមកដល់កន្លែងណាត់កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២២ ក៏ស្រាប់តែមានជនសង្ស័យជនជាតិប៉ូឡូញចំនួន២នាក់បានចាប់វាយធ្វើបាបនាងយ៉ាងព្រៃផ្សៃ។
ស្ត្រីខ្មែរជនរងគ្រោះឈ្មោះ នី ស្រីរ័ត្ន អាយុ៣០ឆ្នាំ បានមកស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ការពារសុវត្ថិភាពនាងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរៀបរាប់ថាសាមីខ្លួនត្រូវបានជនបរទេសជនជាតិប៉ូឡូញចំនួន០២រូបបានប្រើទារុណកម្មដ៏ឃោរឃៅលើនាង ដោយឆូតនឹងកាំបិត និងចាក់ទឹកអាស៊ីតលើខ្លួននាង។
ក្រោយទទួលពាក្យបណ្តឹងនេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានរាយការណ៍មកក្រសួងការបរទេសកម្ពុជា។ ក្នុងរបាយការណ៍របស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃបានបញ្ជាក់ឱ្យដឹងថា ខាងប៉ូលិសថៃបានត្រៀមកងកម្លាំងស៊ើបអង្កេតស្រាវជ្រាវរកជនល្មើស និងការពារសុវត្ថិភាពនាង។
តាមរបាយការណ៍ដដែល ក្នុងអំឡុងនាងលាក់ខ្លួនព្យាបាលរបួសនៅប្រទេសថៃ ក្រុមជនល្មើសបានព្យាយាមទាក់ទងគម្រាមនាង មិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសាររបស់នាងរស់នៅកម្ពុជា។ ដោយនាងមានការព្រួយបារម្ភសុវត្ថិភាពគ្រួសារនៅកម្ពុជា នាងក៏បានស្នើអាជ្ញាធរកម្ពុជាសុំអន្តរាគមន៍ការពារសុវត្ថិភាពក្រុមគ្រួសាររបស់នាង។
ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន EAC News តាមតេឡេក្រាមនាល្ងាចថ្ងៃទី១៦ ខែធ្នូថា ក្រសួងការបរទេសកម្ពុជាបានសម្របសម្រួលជាមួយអាជ្ញាធរកម្ពុជាដោះស្រាយបញ្ហានេះហើយ។
បើតាមអ្នកនាំពាក្យ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃក៏បានសម្របសម្រួលជាមួយអាជ្ញាធរថៃដោះស្រាយរកករណីនេះផងដែរ។ លោកប្រាប់ដូច្នេះថា៖«ក្រសួងទទួលបានរបាយការណ៍ពីស្ថានទូតប្រចាំនៅប្រទេសថៃអំពីករណីពលរដ្ឋខ្មែរឈ្មោះ នី ស្រីរ័ត្ថ ហើយស្ថានទូតបានសំរបសំរួលជាមួយអាជ្ញាធរដោះស្រាយហើយ»។
ក្នុងរបាយការណ៍ដែលស្ថានទូតកម្ពុជាប្រចាំនៅប្រទេសផ្ញើទៅក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ស្ត្រីជនរងគ្រោះជាជាងគំនូរ ធ្វើការឲ្យក្រុមហ៊ុនភាពយន្ត Film Fixers Southeast Asia ដែលជាក្រុមហ៊ុនទទួលផលិតខ្សែភាពយន្តពាក់ព័ន្ធនឹងបរិស្ថាន ទេសចរណ៍ និងសង្គម ដែលមានជនជាតិអូស្ត្រាលីឈ្មោះ Michael Phillip O’Shea ជាផលិតករ។
ថ្មីៗនេះ ក្រុមហ៊ុននេះបានចាប់ផ្តើមផលិតភាពយន្តពាក់ព័ន្ធនឹងក្រុមជនអន្ធពាល(Mafia) នៅតំបន់ប៉ាតាយ៉ាប្រទេសថៃ។ ដូច្នេះករណីនេះ ប៉ូលិសថៃសង្ស័យថា អាចពាក់ព័ន្ធនឹងបណ្តាញក្រុមជនអន្ធពាលខាងលើ ហើយអាចជាស្នាដៃរបស់អតីតភរិយាផលិតករMichael Phillip O’Shea ដែលបានលែងលះគ្នា។
ប៉ុន្តែបើយោងតាមសារព័ត៌មានថៃ Bangkok Post ចុះផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ដែលបានចុះទៅសម្ភាសផ្ទាល់អតីតភរិយាផលិតករ លោក Michael Phillip O’Shea នាងបានបដិសេធថា មិនស្គាល់បុរសជនជាតិប៉ូឡូញពីរនាក់នោះឡើយ។ នាងបានបន្តប្រាប់អ្នកសារព័ត៌មានថៃថា រូបនាងមិនបានដឹងច្បាស់អំពីអ្វីដែលអតីតស្វាមីនាង និងស្ត្រីខ្មែរជនរងគ្រោះនោះកំពុងតែអ្វីនោះទេ ដោយនាងបានអះអាងថា គ្មានហេតុផលណាដែលនាងរៀបចំឱ្យមានឧក្រិដ្ឋកម្មបែបនេះឡើយ៕