
សម្តេច ស ខេង ជំរុញឱ្យគណៈកម្មការអន្តរក្រសួងពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសឱ្យមានប្រសិទ្ធភាព
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញនិងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេសនៅកម្ពុជា និងផ្សព្វផ្សាយគោលការណ៍ និងវិធានការពាក់ព័ន្ធនៅតាមសហគ្រាស គ្រឹះស្ថាន កាស៊ីណូ និងក្លឹបកម្សាន្តនានា។
គណៈកម្មការអន្ដរក្រសួងត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសនៅកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដើម្បីជំរុញការងារអធិការកិច្ចហត្ថពលកម្មបរទេស និងផ្សព្វផ្សាយគោលការណ៍ វិធានការពាក់ព័ន្ធនៅតាមសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកម្សាន្តនានា។ ជាពិសេសដើម្បីបង្រ្កាបការជួញដូរមនុស្សគ្រប់ទម្រង់ ការជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងកម្ពុជា។
នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបង្កើតគណៈកម្មការអន្ដរក្រសួង ជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស។
សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចនានា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតដែលបានខិតខំប្រឹងប្រែងចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនាពេលកន្លងមក សំដៅពង្រឹងការអនុវត្តច្បាប់ការងារនៅកម្ពុជា។
ជាបន្តទៅទៀតនេះ សម្តេចក្រឡាហោម ក៏បានជំរុញឱ្យគណៈកម្មការអន្ដរក្រសួងត្រូវបំពេញភារកិច្ចរបស់ខ្លួនក្នុងបេសកកម្មបង្រ្កាបបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងបង្ក្រាបល្បែងស៊ីសង់ខុសច្បាប់នៅកម្ពុជាឱ្យមានប្រសិទ្ធភាព។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការអន្ដរក្រសួង ជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស លោក សក់ សេដ្ឋា បានគូសបញ្ជាក់ថា ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មការអន្តរក្រសួងនេះ អាចមានសិទ្ធិចាត់ចែងប្រើប្រាស់មន្ដ្រីក្រោមឱវាទឱ្យចូលរួមបំពេញការងារតាមការចាំបាច់៕