
អាយស៊ីស៊ី-អង្គរ បើកកិច្ចប្រជុំតាមដានលទ្ធផល និងផែនការការងាររបស់អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិសំបូរព្រៃគុក
សៀមរាប៖ គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានបើកកិច្ចប្រជុំពេញអង្គលើកទី២៩ នៅខេត្តសៀមរាប។
កិច្ចប្រជុំពេញអង្គលើកទី២៩ មានការចូលរួមដោយ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា ព្រមទាំងសហប្រធាននៃកិច្ចប្រជុំ ឯកអគ្គរាជទូតជប៉ុន លោក MIKAMI Masahiro និង លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំពេញអង្គលើកទី២៩ នៃគណ:កម្មាធិការអាយស៊ីស៊ី-អង្គរនេះនឹងពិនិត្យ ពិភាក្សាទៅលើរបាយការណ៍សកម្មភាពនានារបស់អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិសំបូរព្រៃគុក ការអភិរក្សជួសជុល ការស្រាវជ្រាវបុរាណវិទ្យា និងការបណ្ដុះបណ្ដាលធនធានមនុស្ស ព្រមទាំងការងារសង្គ្រោះបន្ទាន់ទៅលើប្រាសាទ និងបុរាណដ្ឋាននានាជាដើម។
លើសពីនេះផងដែរ ក្នុងកិច្ចប្រជុំពេញអង្គនោះក៏មានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន២ រវាងអាជ្ញាធរជាតិអប្សរា និងសហជីពអង្គរ សង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ្រ SIAVB (បារាំង) និងរវាង អាជ្ញាធរជាតិអប្សរា និង ស្ថាប័នJASA ជប៉ុន៕